ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd.៖ ការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា គឺមិនមែនដើម្បីប្រាក់ចំណេញសុទ្ធសាធនោះទេ តែជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា

ចែករំលែក៖

នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមប្រឹក្សាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ និងបានរំឮកអំពីប្រសាសន៍ប្រកបដោយអត្ថន័យ របស់ ឯកឧត្តមប្រធានាធិបតី យូន ស៊កយ៉ល (Yoon Suk Yeol) កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នេះថា “ប្រទេសកូរ៉េ និងកម្ពុជា គឺជាបងប្អូននឹងគ្នា”។ ជាមួយគ្នានេះ លោកបានគោរពជម្រាបជូន សម្ដេចធិបតី ថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា គឺមិនមែនក្នុងបំណងស្វែងរកប្រាក់ចំណេញសុទ្ធសាធនោះទេ តែជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការរីករាយដែលបានជួបជាមួយលោកប្រធានក្រុមប្រឹក្សាភិបាល សាជាថ្មីម្ដងទៀតនៅសាធារណរដ្ឋកូរ៉េ និងអរគុណដល់ក្រុមហ៊ុនដែលបានរួមដល់រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបណ្ដាក់ទុនវិនិយោគលើវិស័យជាច្រើន រួមមាន វិស័យសំណង់ វិស័យធនាគារ និងវិស័យសក្ដានុពលផ្សេងទៀត ដែលជាចំណុចខ្លាំងនៃអាជីវកម្មរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះសម្ដេចធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុនបន្តជួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា សម្របសម្រួលលើកិច្ចការដែលនៅសេសសល់ និងពង្រីកឱកាសវិនិយោគលើវិស័យសក្ដានុពលផ្សេងៗទៀតនៅកម្ពុជា ដើម្បីការចម្រើនបន្ថែមទៀតរបស់ក្រុមហ៊ុន ក៏ដូចជាជាប្រយោជន៍ដល់ប្រជាជនកម្ពុជា។​ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print