ខេត្តក្រចេះ៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងក្រុមការងារនៃគណៈកម្មាធិការបក្សខេត្តក្រចេះ បន្តចុះឃោសនា និងជួបអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានៅតាមស្រុកនៃខេត្តក្រចេះនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ។ ក្នុងជំនួបជាមួយអង្គបោះឆ្នោតនិងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅស្រុកអូរគ្រៀងសែនជ័យ, លោកប្រធានក្រុមការងារគណបក្សបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុងស្រុកខណ្ឌដែលជាការបង្ហាញពីភាពចាស់ទុំ និងភាពរឹងមាំនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។
លោកប្រធានក្រុមការងារ បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់នៅក្នុងខេត្តក្រចេះ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុងស្រុកបន្តទៀត ចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងខេត្តក្រចេះ។ លោក នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថា សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកខណ្ឌបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាពរបស់ប្រទេស និងការអភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារបានថ្លែងអំណរគុណចំពោះអង្គបោះឆ្នោតដែលជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំក្នុងតំណែងរបស់គណបក្សប្រជាជនកម្ពុជាក្នុងស្រុកអូរគ្រៀងសែនជ័យដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ដែលធ្វើំឱ្យគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោត ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សត្រូវបានព្រឹទ្ធសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាប្រធានព្រឹទ្ធសភា។
យោងតាមរបាយការណ៍របស់លោក ឈា ផល្លី ប្រធានគណៈកម្មាធិការគណបក្សស្រុកអូរគ្រៀងសែនជ័យ, ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២, គណបក្សប្រជជនកម្ពុជាអូរគ្រៀងសែនជ័យទទួលបានអាសនៈ ២២ លើ ២៥ ក្នុងនោះទទួលបានមុខតំណែងជាមេឃុំទាំង ៥។ ចំណែកការបោះឆ្នោតក្រុមប្រឹក្សាស្រុកនាពេលកន្លងទៅ, គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈ ១៥ លើ១៥ គ្រប់គ្រងនិងដឹកនាំ ក្រុមប្រឹក្សាស្រុកអូរគ្រៀងទាំងស្រុង។
សូមបញ្ជាក់ថា ស្រុកអូរគ្រៀងសែនជ័យ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដោយកាត់យកឃុំចំនួន៥ពីស្រុកសំបូរគឺ ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ និងមានចំនួនប្រជាជនជិត ៤ម៉ឺននាក់រស់នៅ។ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ទីតាំងរដ្ឋបាល «ស្រុកអូរគ្រៀងសែនជ័យ» ត្រូវស្ថិតនៅក្នុងឃុំអូរគ្រៀង។ ការបង្កើតស្រុកថ្មី «អូរគ្រៀងសែនជ័យ» បានធ្វើឱ្យខេត្តក្រចេះបច្ចុប្បន្ននេះមានក្រុងចំនួន ១ និងស្រុកចំនួន ៦៕ដោយ៖ស តារា