ប្រទេសថៃ៖ បច្ចុប្បន្ននេះប្រទេសថៃ ស្រាប់តែចេញការព្រមានអំពីគ្រោះទឹកជំនន់ពេញមួយសប្តាហ៍វិញម្តង ព្រោះថា ចាប់ពីថ្ងៃសៅរ៍នេះ រហូតទៅដល់ថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២៤ មេឃនឹងបង្អុរទឹកភ្លៀងមកយ៉ាងធ្ងន់ធ្ងរតែម្តង ក្រោយរលកកម្តៅបានធូរស្រាលកាលពីពេលថ្មីៗនេះ។
ជាក់ស្ដែងយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃសុក្រទី១៧ ឧសភាម្សិលមិញនេះ បានដកស្រង់សម្តីអ្នកនាំពាក្យរងរាជរដ្ឋាភិបាលថៃលោក Karom Phonphonklang ដែលនិយាយថា ជំនន់ទឹកភ្លៀងនឹងវាយប្រហារខេត្តចំនួន២៦ ដោយក្នុងនោះមាន៖ ១១ខេត្តនៅភាគខាងជើង ១១ខេត្តនៅប៉ែកខាងត្បូងនិង ៤ខេត្តនៅតំបន់កណ្តាល។
សូម្បីតែរាជធានីបាងកក ក៏កំពុងព្រួយបារម្ភផងដែរ ខណៈបច្ចុប្បន្ន រដ្ឋបាលក្រុង កំពុងញាប់ដៃញាប់ជើងសម្អាតប្រព័ន្ធលូ និងរៀបចំម៉ាស៊ីនបូមទឹកទូទាំងក្រុង។
ជាមួយគ្នានេះ នាយកដ្ឋានកាត់បន្ថយ និងបង្ការគ្រោះមហន្តរាយ បានត្រៀមក្រុមការងារឆ្លើយតបបន្ទាន់រួចរាល់អស់ហើយ នៅតាមតំបន់ងាយគ្រោះដោយទឹកជំនន់ ដើម្បីជួយសង្គ្រោះក្នុងករណីមានហេតុការណ៍អាក្រក់ណាមួយកើតឡើង។
ដោយឡែកបេីតាមការព្យាកររបស់នាយកដ្ឋានឧតុនិយម, ថៃ បានឱ្យដឹងថា នឹងមានភ្លៀងធ្លាក់ព្រមទាំងផ្គររន្ទះ ទូទាំងប្រទេសចាប់ពីថ្ងៃសៅរ៍ ដល់សប្តាហ៍ក្រោយ។ នេះគឺដោយសារតែប្រព័ន្ធសម្ពាធទាប កំពុងកើតមាននៅសមុទ្រ Andaman ដែលអាចបង្កភ្លៀងធ្លាក់ខ្លាំងលើផ្ទៃប្រទេស ពិសេសបណ្តាខេត្តនៅតាមបណ្តោយឆ្នេរ Andaman តែម្តង។
បន្ថែមពីនេះ អាជ្ញាធរថៃ ក៏បានព្រមានប្រជាពលរដ្ឋរស់នៅតាមខេត្តដែលងាយរងគ្រោះដោយទឹកជំនន់ ត្រូវតាមដានការព្យាករអាកាសធាតុនិងការព្រមានឲ្យជាប់ ហើយត្រូវត្រៀមខ្លួនជានិច្ចនិងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីសុវត្ថិភាពផងដែរ៕ដោយ៖តារា