សារព័ត៌មាន Reuters នៅថ្ងៃទី១៨ខែឧសភាបានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យពន្លឿនការផលិតអាវុធដើម្បីពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់លោក ក្នុងថ្ងៃតែមួយដែលលោកបានចុះត្រួតពិនិត្យនិងដឹកនាំដោយផ្ទាល់ការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគតាក់ទិកកាលពីថ្ងៃសុក្រម្សិលមិញ។
Reuters តាមរយៈការដកស្រង់ការចេញផ្សាយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភានេះបានឱ្យដឹងទៀតថា ខណៈធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធមួយកន្លែងកាលពីថ្ងៃសុក្រ លោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យបង្កើនការផលិតអាវុធ និងពង្រឹងសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ។ បើតាម KCNA ក្នុងថ្ងៃដដែលនោះ លោក គីម ក៏បានដឹកនាំការធ្វើតេស្ដមីស៊ីលបាលិស្ទីគតាក់ទិកផងដែរ ចូលទៅក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន ហើយបានបង្ហាញការពេញចិត្តជាខ្លាំងចំពោះការធ្វើតេស្ដនេះ។
យោធាកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រម្សិលមិញ បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ឆ្ពោះទៅកាន់សមុទ្រខាងកើត ដោយមីស៊ីលទាំងនេះហោះបានចម្ងាយប្រហែល៣០០គីឡូម៉ែត្រ។ ការធ្វើតេស្ដមីស៊ីលនេះទៀតសោត កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូជុង បានចោទប្រកាន់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកថា កំពុងបំភាន់សាធារណមតិជុំវិញការចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាងបាននិងកំពុងផ្គត់ផ្គត់អាវុធឱ្យរុស្ស៉ីប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ តាមអ្នកនាង គីម កូរ៉េខាងជើងមិនបានបញ្ជូនអាវុធឱ្យប្រទេសណាមួយទេ៕ ដោយធីរីណា
រូបថត: KCNA