ភ្នំពេញ ៖ ក្នុងជំនួបជាមួយ លោកប្រធានាធិបតី យួន ស៊កយ៉ល ក៏ដូចជាក្នុងឱកាសជួបជាមួយ លោកនាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ និង លោកប្រធានរដ្ឋសភា គីម ជីនផ្សំ សម្តេចធិបតី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយដ៏មាន តម្លៃគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងការយកចិត្តទុកដាក់ដល់សុខមាលភាពពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅកូរ៉េ។ ថ្នាក់ដឹកនាំកូរ៉េបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែក ដល់សេដ្ឋកិច្ចកូរ៉េពីសំណាក់ប្រជាជនកម្ពុជាដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ និងកិច្ចប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច ដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាទិសដៅនៃការ វិនិយោគ និងជាដៃគូធុរកិច្ចរបស់កូរ៉េក្នុងវិស័យមានសក្តានុពលនានាជាច្រើន រួមទាំងទេសចរណ៍ កសិឧស្សាហកម្ម ឧស្សាហកម្មយានយន្ត និងអេឡិចត្រូនិក។
សម្តេចធិបតី និងថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េ បានសម្តែងការប្តេជ្ញាចិត្តក្នុងការរួមគ្នាបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដើម្បីនាំមកនូវ ផលប្រយោជន៍ជាក់ស្តែងទៅវិញទៅមកកាន់តែច្រើន ហើយបានអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំ លើកទី១របស់គណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ នាពេលថ្មីៗ នេះ។ ភាគីកូរ៉េស្វាគមន៍ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក្នុងគោលបំណងសម្របសម្រួលប្រតិបត្តិការ និងជំរុញការវិនិយោគ របស់កូរ៉េនៅកម្ពុជា និងបានយកចិត្តទុកដាក់ខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ក្នុងការបង្កើត តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាសម្រាប់ក្រុមហ៊ុនពីសាធារណរដ្ឋកូរ៉េ។
ដោយឡែក សម្តេចធិបតី បានទទួលជួបឥស្សរជនមួយចំនួនទៀត រួមមាន៖
លោក អាន់ ដុកកឹន (Ahn Duk-geun) រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ លោក លី ហ៊ីបម (Lee Hee-beom) ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា -សាធារណរដ្ឋកូរ៉េ លោក ម៉ាន គឺចង់ (Marn Ki-jeong) ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
លោក ឆង់ អើយយ៉ុង (Chung Eui-yong) ប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនៅ អាស៊ី (ICAPP) ពិភាក្សាអំពីការត្រៀមរៀបចំមហាសន្និបាត ICAPP លើកទី១២ ដែលគ្រោង ប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសកម្ពុជា។
លោក អូ យ៉ងហ៊ុន (Oh Young-hun) អភិបាលខេត្តស្វយ័តពិសេសជេជូ ពិភាក្សាអំពីកា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាប ក្រោមអនុស្សរណៈនៃការយោគយល់គ្នារវាងខេត្តសៀមរាប និងខេត្តស្វយ័តពិសេសជេជូ ដែលត្រូវបានចុះហត្ថលេខាក្នុងឱកាស ជំនួបសម្តែងការគួរជាសមជាមួយ សម្តេចធិបតី។
លោកបណ្ឌិត យួន ស៊កតេ (Yun Seog-dae) នាយកប្រតិបត្តិនៃសាជីវកម្មធនធានទឹកកូរ៉េ (K-water) និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) ពិភាក្សាអំពីការអភិវឌ្ឍធនធានទឹកប្រកប ដោយចីរភាព និងឆន្ទៈរបស់ K-water ក្នុងការបន្តគាំទ្រគម្រោងនានាពាក់ព័ន្ធនឹងការគ្រប់គ្រង ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធទឹកនៅប្រទេសកម្ពុជា។
សម្តេចធិបតីថ្លែង ក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរប្រមាណជាង២ពាន់នាក់ ដែលកំពុងសិក្សា, បំពេញការងារ និងរស់នៅក្នុងសាធារណរដ្ឋកូរ៉េ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ រសៀលថ្ងៃសៅរ៍ ទី១៨ ឧសភា ឆ្នាំ២០២៤ ៕
ដោយ ៖ សុខ ខេមរា