ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាជនខ្មែរទូទៅទាំងក្នុងនិងក្រៅប្រទេសដែលបានចេញសារគាំទ្រចំពោះគម្រោង «ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចបានប្តេជ្ញាចិត្តថាគម្រោង «ព្រែកជីកហ្វូណនតេជោ» ត្រូវតែចាប់ផ្តើមធ្វើឆាប់ៗខាងមុខនេះមុនការគ្រោងទុកតែម្តងដោយគ្មានការអូសបន្លាយពេលនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ព្រែកជីកហ្វូណនតេជោ» គឺជាសមិទ្ធផល និងស្នាដៃរបស់ប្រជាជាតិខ្មែរទាំងមូល មិនមែនជារបស់សម្តេចតេជោ ហ៊ុន សែន ឬសម្តេចធិបតី ហ៊ុន ម៉ាណែត នោះឡើយ ហើយក៏មិនមែនជារបស់ «ត្រកូលហ៊ុន» នោះដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ជាថ្មីថា ទោះបីជាមាន ឬក៏គ្មានការចូលរួមពីវិនិយោគិនបរទេសក៏ដោយ ក៏រាជរដ្ឋាភិបាល ត្រូវតែប្តេជ្ញាចិត្តកសាង «ព្រែកជីកហ្វូណនតេជោ»នេះឱ្យបាន ព្រោះវាជាគម្រោងរបស់ខ្មែរយើងដែលនឹងធ្វើឱ្យយើងមានឯករាជ្យភាពលើការដឹកជញ្ជូនផ្លូវទឹក កាត់បន្ថយភាពក្រីក្រ និងជំរុញដល់ការអភិវឌ្ឍកាន់តែលឿន។
សូមបញ្ជាក់ថា ៖ «គម្រោងព្រែកជីកហ្វូណនតេជោ» គឺជួយរំដោះទឹកជំនន់ដែលសព្វថ្ងៃនេះលិចលង់ច្រើនណាស់នៅខេត្តតាកែវ ដូច្នេះទឹកអាចហូរចូលយើងធ្វើទ្វារទឹកចំនួន១៥ថែមទៀត ប្រឡាយដើម្បីអូសទឹកឱ្យចូលក្នុងព្រែកជីករបស់យើង បើយើងចង់ទុកក៏យើងបិទវាទៅបើច្រើនពេកបើកទ្វារឱ្យហូរចូលសមុទ្រទៅបើយើងមិនត្រូវការនៅរដូវវស្សា។ ផ្ទុយទៅវិញនៅរដូវប្រាំងយើងមានទឹករហូត អ៊ីចឹងយើងប្រើប្រាស់វិស័យកសិកម្មយើងមានការរីកចម្រើន យើងទប់ទឹកបានប្រជាពលរដ្ឋយើង១លាន៦សែននាក់ ដែលរស់នៅតាមដងព្រែក ១៨០គីឡូម៉ែត្រនេះ មានទឹកប្រើប្រាស់គ្រប់គ្រាន់។ យើងមានត្រី ដាក់ចិញ្ចឹមត្រីគ្រប់បែបយ៉ាងទាំង អស់ រាប់ពាន់តោន អ៊ីចឹងប្រជាពលរដ្ឋយើងនៅតាមនឹងមានជីវភាពធូរធារ។ ទេសចរណ៍យើងធ្វើដំណើរតាមផ្លូវទឹកពីភ្នំពេញទៅលេងនៅកែប ទេសចរណ៍ពីកែប កំពត ពីក្រុងព្រះសីហនុ មកលេងភ្នំពេញ តាមផ្លូវព្រែកជីក១៨០គីឡូម៉ែត្រនេះ មានតំបន់ពាណិជ្ជកម្ម មានភោជនីយដ្ឋាន មានតំបន់សេដ្ឋកិច្ចពិសេស អ៊ីចឹងថានេះផលចំណេញច្រើន ទៅលើការរៀបចំព្រែកជីករបស់យើងនេះ »។
ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕