សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស គឺដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ មិនមែនដើម្បីទៅធ្វើកញ្ជះគេទេ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឆ្លើយតបទៅអ្នកនយោបាយមួយរូប ដែលតែងវាយប្រហារលើពលករខ្មែរនៅក្រៅប្រទេស ដោយសម្តេចបានគូសបញ្ជាក់ថា ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស មិនមែនទៅធ្វើកញ្ជះគេនោះទេ ពោលគឺដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់មើលការខុសត្រូវនិងជួយដល់ពលករខ្មែរនៅក្រៅប្រទេសទាំងអស់តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅក្រៅប្រទេស។

លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គោលដៅអាទិភាពធំរបស់រាជរដ្ឋាភិបាលគឺជំរុញការបង្កើតការងារទាំងក្នុងនិងក្រៅប្រទេសដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់ថា កំលុងពេលទស្សនកិច្ចផ្លូវការក្នុងប្រទេសកូរ៉េ សម្ដេចបានទាក់ម៉ូយបានជាច្រើន ដែលការទាក់ម៉ូយនេះហើយដែលជួយឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងមាន ប្រាក់ចំណូលកាន់តែច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ ច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា គឺតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវការពារអ្នកមានសញ្ជាតិខ្មែរគ្រប់កន្លែងទាំងក្នុង និងក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសហគមន៍ខ្មែរនៅក្រៅប្រទេសអាចផ្តល់ឱកាសដល់កូនខ្មែរដែលកើតនៅក្រៅប្រទេស ហើយការរៀបចំបង្កើតឱ្យមានសហគមន៍ខ្មែរជាច្រើនកន្លែងនៅក្រៅប្រទេសអាចធ្វើឱ្យភាសាខ្មែរ និងវប្បធម៌ខ្មែររីកដុះដាលនៅក្រៅស្រុកកាន់តែទូលំទូលាយ ហើយនឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនប្រជាពលរដ្ឋខ្មែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «នេះហើយថា ការរៀបចំគោលនយោបាយយើងមិនបិទនោះទេ តែយើងបានផ្តល់ឱកាសបន្ថែម ប៉ុន្តែ ការបញ្ជូនពលករទៅក្រៅប្រទេស ឬបងប្អូន ប្រជាជនយើងទៅរៀននៅក្រៅប្រទេស ទៅរស់នៅក្រៅប្រទេសរដ្ឋាភិបាលមិនបោះបង់ចោលទេ រដ្ឋធម្មនុញ្ញរបស់កម្ពុជា តម្រូវឱ្យរាជរដ្ឋាភិបាលត្រូវការពារអ្នកមានសញ្ជាតិខ្មែរគ្រប់កន្លែងទាំងអស់។ អ៊ឹចឹងគោលនយោបាយគាំពាររបស់រដ្ឋាភិបាលដែលបានធ្វើសម្រាប់បងប្អូននៅកូរ៉េនេះ គឺយើងបានធ្វើច្រើន»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print