នគរបាលខណ្ឌសែនសុខ បំបែកសំណុំរឿងជនជាតិប៉ាគីស្ថាន២ នាក់ ចាប់ជនជាតិឥណ្ឌា បង្ខាំងជម្រិតទារប្រាក់២ម៉ឺនដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានបំបែកសំណុំរឿង និងឃាត់ខ្លួនជនជាតិប៉ាគីស្ថាន២ នាក់ ចាប់ជនជាតិឥណ្ឌា បង្ខាំងទុកដោយខុសច្បាប់ ក្នុងគោលបំណងជម្រិតទារប្រាក់២ ម៉ឺនដុល្លារអាមេរិក ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធករណី អំពើបង្ខាំងមនុស្សដោយខុសច្បាប់ (យកក្រណាត់ចងដៃជើង រុំមាត់ និងភ្នែក វាយដំ ទុកនៅក្នុងបន្ទប់ខុនដូរ) នៅចំណុចក្នុងបន្ទប់លេខ១៩០៧ ជាន់ទី១៩ នៃខុនដូរ«ឌឹហ្គាឌិនរីស៊ីឌិនស៊ី» ផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។ 

ជនសង្ស័យដែលសមត្តកិច្ចឃាត់ខ្លួន ៖

ម្នាក់ឈ្មោះ SABTAIN BIN NASIR ភេទប្រុស អាយុ៣២ ឆ្នាំ និង ឈ្មោះ SYED ALI HUSSAIN ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិប៉ាគីស្ថាន មុខរបរ ទេសចរណ៍ មកស្នាក់នៅខុនដូរ«ឌឹហ្គាឌិនរីស៊ីឌិនស៊ី» ផ្លូវ១៩៨៤ ភូមិ.សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ២ នាក់ដែរ ៖

ម្នាក់ឈ្មោះ MAHAMAMD SAAD ភេទប្រុស អាយុ២៣ ឆ្នាំ  និងម្នាក់ឈ្មោះ SUJIT KUMAR ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិឥណ្ឌា ជនជាតិឥណ្ឌា ដូចគ្នា ។ 

តាមការបំភ្លឺរបស់ជនរគ្រោះឈ្មោះMAHAMAMD SAAD  ជនជាតិឥណ្ឌា ឲ្យសមត្ថកិច្ចថា រូបគេចូលមកប្រទេសកម្ពុជា លើកដំបូងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ តាមច្រកទ្វារអន្តរជាតិភ្នំពេញ គោលបំណងមករកការងារធ្វើ ។ បច្ចុប្បបន្នស្នាក់នៅអគារខុនដូរ The Garden Residency ជាន់ទី១៩ បន្ទប់លេខ១៩០៧ ស្ថិតនៅផ្លូវលេខ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ចូលស្នាក់នៅកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤)។ អំឡុងស្នាក់នៅប្រទេសកម្ពុជា បានទៅធ្វើការនៅខេត្តព្រះសីហនុ ជាកម្មករសំណង់ចល័ត ទទួលបានប្រាក់ចំនួន២០ ដុល្លារអាមេរិក ក្នុង១ថ្ងៃ (ធ្វើការគិតជាថ្ងៃ) ។ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបជនជាតិប៉ាគីស្ថាន ចំនួន០៣ នាក់

១.ឈ្មោះ SHAH SYED ALI HUSSAIN  (ឈ្មោះហៅក្រៅ ALI) ភេទប្រុស អាយុ៣៤ឆ្នាំ 

២.ឈ្មោះ  SABTAIN BIN NASIR ភេទប្រុស អាយុ៣២ ឆ្នាំ និង៣ឈ្មោះ SHERRY (ឈ្មោះហៅក្រៅ) នៅភោជនីដ្ឋានឥណ្ឌាមួយកន្លែងមិនចាំឈ្មោះនៅខេត្តព្រះសីហនុ ដើម្បីពិភាក្សាគ្នាបើកភោជនីយដ្ឋានឥណ្ឌា នៅរាជធានីភ្នំពេញ ។ 

លុះដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានមកស្នាក់នៅជុំគ្នាក្នុងអគារខុនដូរខាងលើ គោលបំណង ដើម្បីស្វែងរកទីតាំងបើកភោជនីយដ្ឋានឥណ្ឌា ជាមួយជនជាតិប៉ាគីស្ថាន ទាំង០៣នាក់នេះ ។ ជនរងគ្រោះបញ្ជាក់ថា នៅថ្ងៃទី២៥ ខែឆ្នាំដដែល បក្សពួកជនជាតិប៉ាគីស្ថានទាំង៣នាក់ បានចាក់សោរទ្វារបន្ទប់រូបគេ និងជនជាតិឥណ្ឌាម្នាក់ទៀតឈ្មោះ SUJIT KUMAR ភេទប្រុស អាយុ៣០ឆ្នាំ មិនឱ្យចេញក្រៅ ហើយដកហូតលិខិតឆ្លងដែនចំនួន០២ច្បាប់ ទូរស័ព្ទដៃចំនួន០៤គ្រឿង លុយចំនួន៨០០ ដុល្លារអាមេរិក ក្នុងមួយនាក់ សរុប ១៦០០ ដុល្លារអាមេរិក ។ 

ក្នុងពេលនោះជនសង្ស័យបានចាប់ជនរងគ្រោះចង វាយដំ និងជម្រិតទារប្រាក់មួយនាក់ចំនួន១០ ០០០ ដុល្លារអាមេរិក សរុប២ នាក់ ២០ ០០០ ដុល្លារអាមេរិក ជាថ្នូរ នៃការដោះលែង ។ រហូតដល់ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ពេលដែលជនសង្ស័យជាជនជាតិប៉ាគីស្ថានទាំង៣នាក់មិននៅ រូបគេជាជនរងគ្រោះទាំង២នាក់ បានស្រែកហៅឱ្យគេជួយ ក្រោយមកក៏មានបុគ្គលិកខុនដូរខាងលើ បើកទ្វារបន្ទប់ និងបានបញ្ចូនពួកគេទាំង០២នាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ហើយសមត្ថកិច្ចក៏បាននាំបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។ 

 ជនសង្ស័យទាំង២នាក់ សមត្តកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕ ដោយរ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print