ខេត្តបាត់ដំបង៖ មានករណីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់លាយលំ និងរន្ទះបាញ់ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលចំនួន ០៣ខ្នងផ្ទះ និងបណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ កាលពីម្សិលមិញនេះ ។ នេះបើយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
បេីតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ឧសភានេះថា៖ កាលពីវេលាម៉ោង ១៥និង៣០នាទីម្សិលមិញនេះ នៅចំណុចក្រុមទី៧ ភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង មានភ្លៀងធ្លាក់មួយមេ បណ្ដាលឱ្យមានករណីរន្ទះបាញ់មនុស្ស កើតឡើងចំនួន ០១លើក បណ្ដាលឲ្យក្មេងស្រីម្នាក់ ស្លាប់បាត់បងជីវិត ឈ្មោះ សុគន្ធ នីសា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅក្រុមទី៧ ភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង ខណៈពេលដែលជនរងគ្រោះកំពុងជ្រកភ្លៀងនៅក្រោមផ្ទះរបស់ខ្លួន ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកមោងឬស្សីបានចុះធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្នពីបាតុភូតគ្រោះធម្មជាតិ ជាពិសេសបាតុភូតរន្ទះបាញ់ដែលប្រល័យជីវិតមនុស្សគ្រប់ពេលវេលា ដូច្នេះមិនត្រូវឱ្យកូនតូចៗរបស់លោកអ្នក ចេញមកលេងនៅក្រៅផ្ទះពេលមេឃកំពុងភ្លៀងធ្លាក់នោះទេ៕ដោយ៖តារា