ខេត្តស្វាយរៀង: លោក សៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក អំពាវនាវឱ្យចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។
ការអំពាវនាវធ្វើឡើង នាព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤ ក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា និងគោរពវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតនៅវត្តកំពង់ត្រាចឃុំកំពង់ត្រាចស្រុករមាសហែក។
លោកបន្តថា ទិវាជាតិនៃការចងចាំ ២០ ឧសភា !
ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
ក្នុងឪកាសនោះលោក សៅសុខា បានធ្វេីការផ្តាំផ្ញេីរដល់ក្មួយៗសិស្សសាលាត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្តាប់បង្គាប់ឪពុកម្តាយ ចំពោះឪពុកម្តាយត្រូវបន្តចូលរួមផ្សព្វផ្សាយនិងអប់រំកូនចៅត្រូវជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនេីង ក្នុងនោះការបេីកបនៅលេីដងផ្លូវ ត្រូវមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវ៕