ភ្នំពេញ ៖ ក្នុងពិធីបើកសន្និសីទលើកទី១ស្តីអំពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ នៅពេលដែលកម្ពុជា បាត់បង់ឯកភាពផ្ទៃក្នុងរវាងក្រុមនយោបាយផ្សេងៗគ្នា និងមិនមានការឯកភាពគ្នាក្នុងជួរកងទ័ព នោះកម្ពុជាអាចនឹងរងការជ្រៀតជ្រែកពីសំណាក់បរទេស ហើយទីបំផុតកម្ពុជានឹងបាត់បង់នូវភាពជាម្ចាស់និងភាពម្ចាស់ការនៅក្នុងការគ្រប់គ្រងលើជោគវាសនាជាតិខ្លួនឯង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ភាពឈឺចាប់របស់កម្ពុជាដែលបង្កឡើងដោយសារសង្រ្គាមនិងអំពើប្រល័យពូជសាសន៍ ក៏បានបង្កឡើងដោយសារការលូកដៃពីមហាអំណាចបរទេស គួបផ្សំនឹងអយុត្តិធម៌សង្គមផ្ទៃក្នុងប្រទេស ដែលស្តែងឡើងតាមរយៈគម្លាតមាន-ក្រ បានបង្កឱ្យមានភាពតានតឹងសង្គមនិងការស្អប់ខ្ពើម ព្រមទាំងជំរុញឱ្យកើតមានឡើងនូវមនោគមវិជ្ជាជ្រុលនិយមនៃរបបប៉ុលពតទៀតផង។
គួរបញ្ជាក់ថា ៖ បន្ទាប់ពីរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាយើង បានបាត់បង់សន្តិភាពនិងបានជួបប្រទះសង្រ្គាមស៊ីវិលពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងបានធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលបានធ្វើឱ្យកម្ពុជាខ្ទេចខ្ទីស្ទើរទាំងស្រុងដោយសារការមិនចុះសម្រុងគ្នារវាងអ្នកនយោបាយ និងកងកម្លាំងប្រដាប់អាវុធខ្មែរ។
នាយករដ្ឋមន្ត្រីបានលើកឡើងពីកត្តាមួយចំនួនដែលធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងអំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលរួមមាន ការបាត់បង់ឯកភាពផ្ទៃក្នុង ការលូកដៃពីបរទេស និងអយុត្តិធម៌សង្គម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាមូលហេតុដែលធ្វើឱ្យខ្មែរក្រហមឡើងកាន់អំណាចបានដោយសារតែកម្ពុជាបានបាត់បង់ឯកភាពផ្ទៃក្នុងរវាងក្រុមនយោបាយផ្សេងៗគ្នា មិនមានឯកភាពក្នុងជួរកងទ័ព បូករួមទាំងការជៀតជ្រែកពីបរទេសទៀតនោះបានធ្វើឱ្យកម្ពុជាបាត់បង់នូវម្ចាស់ការក្នុងការគ្រប់គ្រងលើជោគវាសនាជាតិខ្លួន មូលហេតុទាំងនេះហើយបូករួមទាំងអំពើអយុត្តិធម៌សង្គមដែលស្ដែងឡើងតាមរយៈគម្លាតអ្នកមាននិងអ្នកក្រ វាកាន់តែបង្ករឱ្យមានភាពតានតឹងក្នុងសង្គម និងការស្អប់ខ្ពើម ព្រមទាំងជំរុញឱ្យកើតមានឡើងនូវមនោគមវិជ្ជាជ្រុលនិយមនៃរបប ប៉ុល ពត មានឡើង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា៖ «សង្គមរបស់យើងត្រូវតែក្រើនរំលឹកជាដរាបអំពីមេរៀនទាំងនេះ ដើម្បីធានាថាយើងនឹងមិនដើរលើផ្លូវដដែលនោះទេ។ កំហុសអតីតកាល បានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរ ឱ្យបានរឹងមាំ និងជំរុញឱ្យយើងកសាងសង្គម ឱ្យកាន់តែប្រសើរ ប្រកបដោយបរិយាប័ន្នសម្រាប់ទាំងអស់គ្នា»។
សម្ដេចធិបតី បានប្ដេជ្ញាមិនអនុញ្ញាតឱ្យមានសមាសធាតុណាមួយក្នុងសង្គមបណ្ដុះនូវវប្បធម៌ជ្រុលនិយម តាមរយៈការតស៊ូវណ្ណៈ ការស្អប់ខ្ពើមប្រឆាំងនឹងអាជ្ញាធរ ការផ្លាសប្ដូររបបដោយផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និងការរើសអើងពូជសាសន៍ឡើយ។
សង្គ្រាមវៀតណាម បូករួមទាំងការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បាននាំកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលរហូតដល់ការកាន់អំណាចទាំងស្រុករបស់ខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ការដឹកនាំក្រោមរបបខ្មៅងងឹតនេះបានធ្វើឱ្យពលរដ្ឋខ្មែរជិត២លាននាក់បានស្លាប់បាត់បង់ជីវិត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាការរំលឹកពីអំពើប្រល័យពូជសាសន៍វាគឺជារឿងដ៏ឈឺចាប់មួយសម្រាប់កម្ពុជា តែយ៉ាងណាក៏ដោយការឈឺចាប់នេះបានដាក់បន្ទុកឱ្យប្រជាជនខ្មែរគ្រប់រូបត្រូវទទួលខុសត្រូវកុំឱ្យអំពើយង់ឃ្នងនេះកើតឡើងសាជាថ្មីម្ដងទៀត។
សូមរម្លឹកថា ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់រូប មិនអាចបំភ្លេចបាននូវការឈឺចាប់ បង្កឡើងដោយពួកបនប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។
រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ពួកខ្មែរក្រហម បានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ អស់ជាង ២លាននាក់ ដោយការធ្វើទារុណកម្ម បង្អត់អាហារ ការជម្លៀស ការបោសសម្អាតផ្ទៃក្នុង ការបង្ខំឱ្យធ្វើការហួសកម្លាំង ការបង្ខំឱ្យរៀបការនិងអំពើអមនុស្សធម៌ផ្សេងៗទៀត ព្រមទាំងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធសង្គម ស្ទើរគ្មានសល់។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ ៕