ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងសន្និសីទ “អនាគតកម្ពុជា ដោយគ្មាន អំពើប្រល័យពូជសាសន៍៖ ការការពារ និង ការឆ្លើយតប តាមរយៈ ការអប់រំ និងការថែទាំ សុខភាព” ដែលត្រូវបានរៀបចំឡើងដោយទីស្តីការគណៈរដ្ឋមន្ត្រី, អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.), កងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។
នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសន្និសីទ “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការការពារ និង ការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព” ដែលត្រូវបានរៀបចំឡើងដោយ ទីស្តីការគណៈរដ្ឋមន្ត្រី, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.), កងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលឯកសារកម្ពុជា នៅសាលយុត្តិតេជោ ដែលជាអតីតបន្ទប់សវនាការនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។
មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំឭកឡើងវិញថា អំពើប្រល័យ ពូជសាសន៍ គឺជាចំណោទដ៏ឈឺចាប់មួយសម្រាប់កម្ពុជា ។ យ៉ាងណាក៏ដោយ ការឈឺចាប់នេះ បានដាក់បន្ទុកឱ្យ កម្ពុជាមានការទទួលខុសត្រូវក្នុងការការពារសង្គម និងមនុស្សជំនាន់ក្រោយ ពីអំពើប្រល័យពូជសាសន៍ កុំឱ្យសង្គមប្រឈមនឹងការឈឺចាប់ ដែលមិនអាចពិពណ៌នាបាននេះ សាជាថ្មីម្តងទៀត ។ ទន្ទឹមនេះ សម្តេចធិបតី បានចែករំលែកការពិចារណាមួយចំនួន អំពីគោលការណ៍ និងវិធីសាស្ត្ររបស់កម្ពុជា ក្នុងកិច្ច ខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីកសាងអនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍ មានជាអាទិ៍ ៖
ទីមួយ, កម្ពុជា ក្នុងនាមជាប្រជាជាតិមួយ ត្រូវមានការឯកភាពគ្នាលើប្រវត្តិសាស្ត្រ ។ សម្រាប់កម្ពុជា, ប្រវត្តិសាស្ត្រ ទាក់ទងនឹងថ្ងៃរំដោះ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១, និង ការសម្រេចបាននូវសន្តិភាពពេញលេញទាំងស្រុងតាមរយៈ “នយោបាយ ឈ្នះ-ឈ្នះ” នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវមានការបកស្រាយតែមួយ និងមានភាពរឹងមាំ ដើម្បីចៀសវាង ការប្រឌិតរឿងរ៉ាវផ្សេងៗ ក្នុងបំណងកេងចំណេញនយោបាយ ដោយបំពានលើយុត្តិធម៌របស់ជនរងគ្រោះពី អំពើប្រល័យពូជសាសន៍ ក៏ដូចជា លើកិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមជាតិ ។ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ គឺ ជាថ្ងៃរំដោះ ឬ “ថ្ងៃកំណើតទីពីរ” របស់អ្នករស់រានមានជីវិតនៅកម្ពុជារាប់លាននាក់ ហើយជាមួយនឹងវិសាលភាព នៃឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបែបនេះ យើងពិតជាមិនអាចអធិប្បាយអំពី “ថ្ងៃ ៧ មករា” ផ្សេងពីនេះបានឡើយ ។ ដូចគ្នាដែរ ដើម្បីនិយាយអំពីដំណើរការសន្តិភាពរបស់កម្ពុជា យើងត្រូវមានការយល់រួមគ្នា និងការកំណត់ឱ្យបានច្បាស់លាស់ រវាងសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងសមិទ្ធផលនៃ “នយោបាយឈ្នះ-ឈ្នះ” ។ ជាការពិត ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងពីរនេះ បានជួយពង្រឹងគ្នាទៅវិញទៅមក ប៉ុន្តែរបត់ប្រវត្តិសាស្ត្រ សំខាន់បំផុតនៃសន្តិភាពរបស់កម្ពុជា គឺកើតចេញពីលទ្ធផលដ៏ត្រចះត្រចង់នៃ “នយោបាយឈ្នះ-ឈ្នះ” នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលអង្គការចាត់តាំងនយោបាយ និងរចនាសម្ព័នកម្លាំងប្រដាប់អាវុធរបស់ខ្មែរក្រហម ត្រូវបានរំលាយទាំងស្រុង ហើយកម្លាំងទាំងអស់របស់ខ្មែរក្រហម ត្រូវបានធ្វើសមាហរណកម្ម ក្នុងសង្គមកម្ពុជា ។ សច្ចភាពនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ បានបិទបញ្ចប់សង្គ្រាមស៊ីវិល និងការឈឺចាប់ របស់ប្រជាជនកម្ពុជា ដែលបានអូសបន្លាយអស់រយៈកាលបីទសវត្សរ៍ ដែលទាល់តែក្រោយការអនុវត្តដោយ ជោគជ័យនៃ “នយោបាយឈ្នះ-ឈ្នះ” ទើបកម្ពុជាចាប់ផ្តើមទទួលបាននូវសន្តិភាពពេញលេញ និងយូរអង្វែង រួមទាំងការឯកភាពជាតិ និងការឯកភាពក្នុងជួរកងទ័ព ព្រមទាំងទទួលបាននូវការគ្រប់គ្រងពេញលេញ លើបូរណភាពទឹកដីរបស់ខ្លួន នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងក្រោមម្លប់ព្រះមហាក្សត្រតែមួយអង្គ ហើយនេះជាអច្ឆរិយហេតុសង្គមដ៏វិសេសវិសាលមួយ ដែលកម្ពុជាពុំធ្លាប់ជួបប្រទះក្នុងរយៈពេល ៥០០ ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន ។
ទីពីរ, ការស្វែងរកយុត្តិធម៌ដែលមានការទទួលស្គាល់ជាអន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុង ការបង្កើតប្រវត្តិសាស្ត្ររួម នៃអំពើប្រល័យពូជសាសន៍សម្រាប់ទាំងអស់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយ ហើយនេះគឺជាមូលហេតុដ៏ចម្បងបំផុត ដែលបានធ្វើឱ្យ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រការបង្កើត អ.វ.ត.ក ដោយច្បាប់របស់កម្ពុជា កាលពីឆ្នាំ ២០០១ ។ ជាការពិត តុលាការនៃអតីត សាធារណរដ្ឋប្រជាមានិតកម្ពុជា បានកាត់ទោសមេដឹកនាំរបបនេះរួចហើយ កាលពីឆ្នាំ ១៩៧៩ ។ យ៉ាងណាក្តី ថ្នាក់ដឹកនាំ និងសង្គមកម្ពុជា បានទទួលស្គាល់ថា សាលក្រមរបស់ អ.វ.ត.ក.
នឹងចូលរួមជួយពង្រឹងមូលដ្ឋាន នៃការពិត និងជួយផ្តល់យុត្តិធម៌បន្ថែមទៀត សម្រាប់ប្រជាជាតិកម្ពុជា ព្រមទាំងនឹងចូលរួមជួយព្យាបាល ស្នាមរបួសរបស់អ្នកនៅរស់រានមានជីវិត និងជួយពង្រឹងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ ។ តាមរយៈ អ.វ.ត.ក. កម្ពុជាបានបង្ហាញពីការប្រកាន់ខ្ជាប់នូវគោលការណ៍ “ការទទួលខុសត្រូវដើម្បីការពារ” (Responsibility To Protect) ហើយការណ៍ដែល អ.វ.ត.ក. មានលក្ខណៈជាសាលាក្តីកូនកាត់ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក៏បានអនុញ្ញាតឱ្យ អ.វ.ត.ក. នាំយកមេរៀនសំខាន់ៗទាំងនេះ ផ្តល់ទៅ សហគមន៍អន្តរជាតិ ដើម្បីធានាថា ពិភពលោកនឹងលែងជួបប្រទះនូវសោកនាដកម្ម ពីអំពើ ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបោសសម្អាតជាតិសាសន៍ ទៀតហើយ ។
ទីបី, ឈរលើមូលដ្ឋាននៃយុត្តិធម៌ សង្គមទាំងមូលត្រូវតែបន្តក្រើនរំលឹកជានិច្ច អំពី ឫសគល់នៃសោកនាដកម្ម ពីអតីតកាល ដើម្បីអនុញ្ញាតឱ្យបទពិសោធន៍ដ៏លំបាកបំផុតពីអតីតកាល អាចចូលរួមចំណែកក្នុងការការពារ កម្ពុជា បានកាន់តែប្រសើរឡើង នាអនាគត ។ ចំណុចនេះ ជាការរួមបញ្ចូលគ្នា នៃកត្តាផ្សំផ្សេងៗដ៏ស្មុគ្រស្មាញ ដែលនាំឱ្យកម្ពុជា ធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិល អស់រយៈពេលបីទសវត្សរ៍ ។ នៅពេលដែលកម្ពុជាបាត់បង់ឯកភាពផ្ទៃក្នុង រវាងក្រុមបក្សនយោបាយ និងមិនមានឯកភាពក្នុងជួរកងទ័ព កម្ពុជាអាចទទួលរងការជ្រៀតជ្រែកពីបរទេស ហើយទីបំផុតកម្ពុជាអាចបាត់ភាពជាម្ចាស់ក្នុងការគ្រប់គ្រង ជោគវាសនាជាតិរបស់ខ្លួន ។ ភាពឈឺចាប់របស់ប្រជាជាតិកម្ពុជា ដោយការលូកដៃពីអំណាចបរទេសគួបផ្សំជាមួយភាពអយុត្តិធម៌សង្គមផ្ទៃក្នុង ដែលស្តែងឡើងតាមរយៈគម្លាតរវាង ” មាន-ក្រ” បានបង្កឱ្យមានភាពតានតឹងសង្គម និងការស្អប់ខ្ពើម ព្រមទាំងជំរុញឱ្យមានមនោគមន៍ជ្រុលនិយមនៃរបបប៉ុលពត ដូច្នេះសង្គមកម្ពុជាត្រូវតែក្រើនរំលឹកជាដរាបអំពីមេរៀនទាំងនេះ ដើម្បីធានាថា យើងនឹងមិនដើរលើផ្លូវដដែល នោះទេ ហើយលើសពីនេះ យើងត្រូវតែកែសម្រួល ឬសម្របស្ថានភាពសង្គមរបស់យើង នៅពេលណាដែល ចាំបាច់ ដើម្បីការពារកុំឱ្យមនោគមវិជ្ជាជ្រុលនិយមចាប់ផ្តើមកកើត និងចាក់ឫស ហើយយើងមិនអាច អនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្ដុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយម តាមរយៈការជំរុញ ការតស៊ូវណ្ណៈ ការស្អប់ខ្ពើមប្រឆាំងនឹងអាជ្ញាធរ ការផ្លាស់ប្តូររបបដោយផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និងការរើសអើងពូជសាសន៍ នោះឡើយ ។ កំហុសអតីតកាល បានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរ ឱ្យបានរឹងមាំ និងជំរុញឱ្យយើងកសាងសង្គម ឱ្យកាន់តែប្រសើរ ប្រកបដោយបរិយាប័ន្ន សម្រាប់ទាំងអស់គ្នា ហើយរដ្ឋាភិបាលមានកាតព្វកិច្ច ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងយុត្តិធម៌សង្គម ដើម្បីធានានូវ បរិយាប័ន្នភាព នៅក្នុងប្រព័ន្ធគ្រប់គ្រង ក៏ដូចជាការអភិវឌ្ឍជាតិ ។
ទីបួន, យើងត្រូវទទួលស្គាល់ថា ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាយន្តការទប់ស្កាត់អំពើប្រល័យ ពូជសាសន៍ ។ នៅកម្រិតជាតិ យើងបានរៀបចំព្រឹត្តិការណ៍ជាច្រើន ជារៀងរាល់ឆ្នាំ ដើម្បីបង្កើតជាចលនាជាតិ នៅក្នុងការរំលឹកអំពីអំពើប្រល័យពូជសាសន៍ ។ យើងត្រូវធានាឱ្យបាននូវការការពារថែរក្សានូវទិដ្ឋភាពរូបវន្ត និងអរូបីនៃប្រវត្តិសាស្ត្រ រួមមាន ការរក្សាទីតាំងឧក្រិដ្ឋកម្ម និងភស្តុតាង ក៏ដូចជា ការនិទានប្រវត្តិសាស្ត្រ ដោយ ផ្ទាល់មាត់ ។ ទន្ទឹមនឹងការថែរក្សាទីតាំងប្រវត្តិសាស្ត្រ ភស្តុតាង និងបណ្ណសារ ឱ្យបានត្រឹមត្រូវ យើងក៏ត្រូវ ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ជាបពីការពិតដ៏សែនលំបាកទាំងនេះ ទៅកាន់មនុស្សជំនាន់ក្រោយ ដែលអាចមានគម្លាតនៃការយល់ដឹងផ្សេងគ្នា បើប្រៀបធៀបជាមួយនឹងអ្នកដែលបានឆ្លងកាត់របបប្រល័យ ពូជសាសន៍ ។ យើងត្រូវបន្តនិយាយរឿងទាំងនេះ ពីមួយជំនាន់ទៅមួយជំនាន់ទៀត ទោះបីជាការនិយាយ រឿងទាំងនេះ បង្កឱ្យមានការឈឺចាប់ក៏ដោយ ដែលនេះគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុត ព្រោះមានតែអ្នក ដែលធ្លាប់បានឆ្លងកាត់ប៉ុណ្ណោះ ទើបអាចរៀបរាប់ពីបទពិសោធន៍របស់ពួកគេបានល្អបំផុត ។ ក្រោយបញ្ចប់ ដំណើរការកាត់ក្តី អ.វ.ត.ក. ត្រូវបន្ត អនុវត្តមុខងាររបស់ដែលនៅសេសសល់ ជាពិសេស ពាក់ព័ន្ធនឹងការអប់រំ ពីអំពើប្រល័យពូជសាសន៍ ព្រោះជាមួយនឹងបទពិសោធន៍ជាក់ស្តែងនៅក្នុងបន្ទប់សវនាការ និងបណ្ណសារ យ៉ាងទូលំទូលាយ អ.វ.ត.ក. គឺជាតួអង្គអនុវត្តដ៏ល្អបំផុត ក្នុងការអប់រំអំពីអំពើប្រល័យពូជសាសន៍ ។ បន្ថែមលើនេះ អ.វ.ត.ក.
ក៏អាចពន្យល់ដល់ពិភពលោក អំពីវិធីសាស្ត្រត្រឹមត្រូវ ដែលប្រជាជនកម្ពុជាអាច ប្រឈមមុខដោយផ្ទាល់ និងផ្សះផ្សាជាមួយនឹងអតីតកាលដ៏សោកសៅនេះ តាមរយៈដំណើរការកាត់ក្តីដោយ មិនលម្អៀង និងភាពជាម្ចាស់ដ៏រឹងមាំរបស់ប្រជាជនកម្ពុជា ។ ស្ថាប័នរដ្ឋាភិបាលទាំងអស់ ទាំងស៊ីវិល និងយោធា ត្រូវគាំទ្រការងារអប់រំពីអំពើប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ ។ យើងត្រូវតែធានាថា ការបង្រៀន ប្រវត្តិសាស្ត្រ ត្រូវបានដាក់បញ្ចូលយ៉ាងត្រឹមត្រូវ នៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ និងឯកជន ចាប់ពី អនុវិទ្យាល័យរហូតដល់សាកលវិទ្យាល័យ ហើយគ្រូបង្រៀនទាំងអស់របស់យើង អាចចូលរួមជាកម្លាំង ដើម្បី ផ្សព្វផ្សាយការអប់រំពីអំពើប្រល័យពូជសាសន៍ នៅក្នុងសាលារៀនទូទាំងប្រទេស ។ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្ត្រនោះទេ គឺយើងអាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទចាប់ពីសីលធម៌ និងអក្សរសាស្ត្រខ្មែរ រហូតដល់ការសិក្សាពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍជំនាញទន់ផ្សេងទៀត ផងដែរ ។ យើងក៏អាចស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់ មនុស្សដែលមានវ័យ និងជំនាន់ផ្សេងគ្នា រួមមាន តាមរយៈសិល្បៈ, មាតិកាឌីជីថល ឬ គំនូរជីវចល ជាដើម ដោយយើងចាំបាច់ត្រូវសង្កត់ធ្ងន់ថា កាតព្វកិច្ចលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជារបស់កាតព្វកិច្ច របស់យើងទាំងអស់គ្នា មិនមែនតែរាជរដ្ឋាភិបាលម្នាក់ឯងនោះទេ ។
ទីប្រាំ, យើងត្រូវតែការពារសន្តិភាពដែលសម្រេចបានមកដោយលំបាកលំបិនបំផុតនេះ ឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ ។ កាតព្វកិច្ចនេះ មិនមែនសម្រាប់តែប្រជាជាតិកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់សហគមន៍ អន្តរជាតិទាំងមូលផងដែរ ព្រោះសង្គ្រាមមិនដែលផ្តល់ផលល្អដល់ប្រជាជាតិណាមួយលើសាកលលោកនេះ នោះទេ។ ជាសត្យានុម័ត សង្គ្រាម គឺជាស្ថានការណ៍ដែលបង្កឱ្យមានការសម្លាប់រង្គាលប្រឆាំងនឹងជនស៊ីវិល ដោយគ្មានរើសអើង ដោយសារតែការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធ ។ នៅពេលដែលមានសង្គ្រាមកើតឡើង គ្មានឡើយសិទ្ធិមនុស្ស គ្មានឡើយលទ្ធិប្រជាធិបតេយ្យ ដូច្នេះ គឺជាការទទួលខុសត្រូវរបស់រដ្ឋ និងប្រជាជន ទាំងអស់គ្នាក្នុងការការពារសន្តិភាព និងក្នុងការឱ្យតម្លៃដល់សន្តិភាពដែលសម្រេចបានមកជាមួយនឹងការលះបង់ មិនអាចកាត់ថ្លៃបាន ព្រោះ សន្តិភាព មិនបានមកដោយឯកឯងនោះទេ ។ ក្នុងន័យនេះ មេដឹកនាំអនាគតរបស់ កម្ពុជាទាំងអស់ ត្រូវតែជៀសវាងពីការចូលរួមក្នុងផែនការនយោបាយ ដែលជំរុញការផ្លាស់ប្តូររបបដោយវិធី សាស្ត្រមិនប្រជាធិបតេយ្យ ហើយត្រូវតែប្រកាន់ខ្ជាប់នូវមនសិការនៃការទទួលខុសត្រូវ ក្នុងការការពារសន្តិភាព ឱ្យខាងតែបាន ។ កម្ពុជា នឹងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ដែលផ្អែកលើច្បាប់ កសាង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសទាំងអស់ក្នុងពិភពលោក និងជាមួយអង្គការអន្តរជាតិ នានា ព្រមទាំងនឹងបន្តចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់ និងលើពិភពលោក ដោយឈរលើគោលការណ៍ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន និងធម្មនុញ្ញនៃអង្គការ សហប្រជាជាតិ ។ កម្ពុជានឹងបន្តការពារខ្លួនប្រឆាំងនឹងការប្រឌិតដែលមានចេតនាអាក្រក់ ក្នុងគោលដៅបង្អួច កេរ្តិ៍ឈ្មោះរបស់ខ្លួន និង ប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួត ប្រជែងភូមិសាស្ត្រនយោបាយ ហើយប្រែក្លាយកម្ពុជាឱ្យទៅជាសមរភូមិនៃសង្គ្រាមត្រជាក់ថ្មី សាជាថ្មីម្តងទៀត ។
ដោយព្រឹត្តិការណ៍សន្និសីទ “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍៖ ការការពារ និងការឆ្លើយតបតាមរយៈការអប់រំ និងការថែទាំសុខភាព” នេះ ប្រព្រឹត្តិទៅចំថ្ងៃទី២០ ខែឧសភា ជាថ្ងៃដែលប្រជាជាតិកម្ពុជា ទាំងមូលរំលឹកឡើងវិញអំពីអំពើប្រល័យជាតិសាសន៍ឯង ដែលធ្វើឡើងដោយរបបខ្មែរក្រហម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការបួងសួងរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ព្រមទាំងវិញ្ញាណក្ខន្ធវីរជនទាំងអស់ ដែលបានពលីជីវិត ដើម្បីរំដោះប្រទេស និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងនេះ ៕ដោយ៖តារា