ភ្នំពេញ ៖ មុនដំបូងយើងត្រូវស្គាល់ជាមុនសិនអ្វីទៅជា <<បណ្តាញទូរសព្ទចល័ត>>?
<<បណ្តាញទូរសព្ទចល័ត>> ឬអាចហៅមួយបែបទៀតថា បណ្តាញសែលលុយឡា(Cellular Network) សំដៅដល់មធ្យោបាយបច្ចេកវិទ្យាដែលជួយធ្វើឱ្យមានគមនាគមន៍ឥតខ្សែរវាងបណ្តាអ្នកប្រើប្រាស់ចុងក្រោយជាច្រើននិងឆ្លងកាត់ថេរចម្ងាយដ៏ធំធេងតាមរយៈការបញ្ជូនស៊ីញ៉ាល់ដោយប្រើប្រាស់រលកអាកាសវិទ្យុ។
រូបសណ្ឋាននៃបណ្តាញទូរសព្ទចល័តរួមមាន មជ្ឈមណ្ឌលបមាណីទូរសព្ទចល័ត(Mobile Switching Center-MSC) ស្ថានីយមូលដ្ឋាន(Base Station-BS) ឧបករណ៍ត្រួតពិនិត្យស្ថានីយមូលដ្ឋាន(Base Station Controller-BSC) ស្ថានីយបញ្ជូននិងទទួលមូលដ្ឋាន(Base Transceiver Station-BTS) និងទូរសព្ទចល័តឬឧបករណ៍ចល័ត។
ពាក្យថា <<សែលលុយឡា/Cellular>> វាពាក់ព័ន្ធទៅនឹងការចូលរួមនៃបណ្តាសែល(Cells) ហើយ <<សែល(Cells)>> សំដៅដល់តំបន់ភូមិសាស្រ្តដែលត្រូវបានគ្របដណ្តប់ដោយស្ថានីយមូលដ្ឋានមួយ(Single Base Station) នៅក្នុងបណ្តាញ សែលលុយឡា។ នេះជាបញ្ជាក់ពីលោក អុឹម វុត្តា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
លោកបន្តថា ៖ ហើយអ្វីទៅជា <<ស្ថានីយមូលដ្ឋាន(Base Station-BS) >>? សំដៅដល់ឧបករណ៍បញ្ជូននិងទទួលអចល័តដែលជាចំណុចទំនាក់ទំនាក់គ្រឹះសម្រាប់ឧបករណ៍ឥតខ្សែមួយឬច្រើនរបស់អតិថិជន។ ស្ថានីយមូលដ្ឋានបម្រើជាចំណុចតភ្ជាប់កណ្តាលសម្រាប់ឧបករណ៍ឥតខ្សែធ្វើការទំនាក់ទំនង។
ដើម្បីឱ្យដឹងថាតើសមាសភាពផ្សំអ្វីខ្លះទើបអាចឱ្យបណ្តាញទូរសព្ទចល័តឬសែលលុយឡាដំណើរការបាន យើងត្រូវស្គាល់អ្វីទៅជា៖
១) មជ្ឈមណ្ឌលបមាណីទូរសព្ទចល័ត(Mobile Switching Center-MSC) សំដៅដល់ផ្នែកស្នូលនៃប្រព័ន្ធបណ្តាញទូរសព្ទចល័តដែលមានតួនាទីជាមជ្ឈមណ្ឌលត្រួតពិនិត្យនៃប្រព័ន្ធរងបមាណីបណ្តាញ(NSS)។ មជ្ឈមណ្ឌលបមាណីទូរសព្ទចល័តតភ្ជាប់ការហៅរវាងបណ្តាអតិថិជនតាមរយៈការភ្ជាប់ផ្តាច់កញ្ចប់សំឡេងនិងទិន្នន័យឌីជីថលរវាងបណ្តាគន្លងនៃបណ្តាញ។
២) ឧបករណ៍ត្រួតពិនិត្យស្ថានីយមូលដ្ឋាន(Base Station Controller-BSC) សំដៅដល់សមាសធាតុបណ្តាញទូរគមនាគមន៍ទទួលខុសត្រូវត្រួតពិនិត្យស្ថានីយបញ្ជូននិងទទួលមូលដ្ឋានមួយឬច្រើន។ ឧបករណ៍ត្រួតពិនិត្យស្ថានីយមូលដ្ឋានត្រួតពិនិត្យរាល់សកម្មភាពនៃស្ថានីយបញ្ជូននិងទទួល។ ឧបករណ៍ត្រួតពិនិត្យស្ថានីយមូលដ្ឋានដើរតួជាអន្តរការីនិងខ្សែភ្ជាប់ជារូបសាស្រ្តរវាងស្ថានីយបញ្ជូននិងទទួលមូលដ្ឋាននិងមជ្ឈមណ្ឌលបមាណីទូរសព្ទចល័ត។
៣) ស្ថានីយបញ្ជូននិងទទួលមូលដ្ឋាន(Base Transceiver Station-BTS) សំដៅដល់ឧបករណ៍បញ្ជូននិងទទួលនៅក្នុងបណ្តាញចល័តណាមួយ។ ស្ថានីយបញ្ជូននិងទទួលមូលដ្ឋានតភ្ជាប់ឧបករណ៍ចល័តទៅនឹងបណ្តាញ ហើយវាបញ្ជូននិងទទួលស៊ីញ៉ាល់វិទ្យុទៅនឹងឧបករណ៍ចល័តនិងបម្លែងពួកវាដែលបានឆ្លងកាត់វានៅលើបណ្តាញដើម្បីផ្តល់ផ្លូវទៅនឹងស្ថានីយចុងក្រោយដទៃទៀតនៅក្នុងបណ្តាញ ឬទៅអ៊ីនធើណេត។
៤) ទូរសព្ទ/ឧបករណ៍ចល័ត(Mobile Phone) សំដៅដល់ឧបករណ៍អេឡិចត្រូនិចអាចយួរដៃបាន(សែលហ្វូន កុំព្យូទ័រយួរដៃ កុំព្យូទ័របន្ទះ។ល។)ដែលប្រើប្រាស់សម្រាប់គមនាគមន៍/ការទំនាក់ទំនងចល័ត។ បន្ថែមទៅលើមុខងារសំឡេង ហ្វូន ចល័តស្តង់ដាររួមមាន សារខ្លីសម្រាប់ការបញ្ជូនសារ អ៊ីម៉ែល បមាណីប៉ាកែតសម្រាប់ឆ្នូលទៅប្រើប្រាស់អ៊ីនធើណេត និងសារវែងឬពហុសារសម្រាប់ការបញ្ជូននិងទទួលរូបថតនិងវីដេអូ។
៥) ហ្វ្រេកង់ស៍វិទ្យុ(Radio Frequency) សំដៅដល់អត្រាឬទំហំនៃរំយោលទៅមកនៅក្នុងអត្រាកម្រិតចាប់ពី៣គីឡូហ៊ឺត(3KHz) រហូតដល់៣០០ហ្ស៊ីហ្គាហ៊ឺត(300GHz) ដែលទាក់ទងទៅនឹងហ្វ្រេកង់ស៍នៃរលកអាកាសវិទ្យុ និងចរន្តឆ្លាស់ដែលដឹកនាំស៊ីញ៉ាល់វិទ្យុ៕