បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀចំពិធីបិទវគ្គហ្វឹកហ្វឺន ប្រចាំឆមាសទី១ ឆ្នាំ២០២៤

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀចំពិធីបិទវគ្គហ្វឹកហ្វឺន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេល៤៥ថ្ងៃ ប្រកបដោយភាពជោគជ័យ។
ពិធីនេះធ្វេីឡេីងក្រោម អធិបតីភាព លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជេីញចូលរួម លោក សេង លាង ប្រធានសាលាដំបូងខេត្ត លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ តំណាងលោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ឯកឧត្តម លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។
របាយការណ៍ស្វាគមន៍លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អនុវត្តតាមផែនការហ្វឹកហ្វឺនប្រចាំឆមាសទី១ ឆ្នាំ២០២៤ កងរាជអាវុធហត្ថខេត្ត បានដំណើរការបើកវគ្គ ហ្វឹកហ្វឺន ចាប់តាំងពីថ្ងៃទី១១ ខែមីនា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលមានរយៈ ពេលហ្វឹកហាត់រៀនសូត្រចំនួន៤៥ថ្ងៃ ក្នុងនោះមានខ្លឹមសារមេរៀន៖ ១. លំហាត់របៀបជួរទ័ព, ២. ប្រឆាំងភេរវកម្ម (វិធីសាស្រ្តបង្ក្រាបជនល្មើស), ៣. ការរក្សាសណ្តាប់ធ្នាប់, ៤. ក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី, ៥. ក្បាច់គុណកងយោធពលខេមរភូមិន្ទ, ៦. ការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានបញ្ជាក់ថា ៖ ក្នុងវគ្គនេះដែរមានយោធាចារ្យ និងលោកគ្រូសរុបចំនួន២២នាក់ កងរាជអាវុធហត្ថ ចំនួន១០នាក់,កងពលតូចថ្មើរជើងលេខ៥១ ចំនួន០៥នាក់, លោកគ្រូមកពីស្ថាប័នតុលាការចំនួន០២នាក់, លោកគ្រូមកពីនាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចំនួន០៥នាក់។ សិក្ខាកាមមកពី កងរាជអាវុធហត្ថចំនួន
៧១នាក់, កងនគរបាលខេត្តចំនួន៤៧នាក់, កងពលតូចថ្មើរជើងលេខ៥១ចំនួន២០នាក់ សរុបចំនួន១៣៨នាក់។
មានប្រសាសន៍នាឱកាសនោះ លោក អ៊ុំ រាត្រី ក៏បានថ្លែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់យោធាចារ្យ ដែលបានយកអស់កម្លាំងកាយ ចិត្ត និងចំណេះដឹងផ្តល់នូវការយល់ដឹងដល់សិក្ខាកាម នេះគឺជាការរំលឹក និងជាការបង្កើននូវសមត្ថភាពយល់ដឹង ក៏ដូចជាការពង្រឹងនូវកាយសម្បទាដល់កងកម្លាំង ដើម្បីឱ្យមានភាពរឹងមាំ ស្វាហាប់ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន (ទាំងកម្លាំងអាវុធហត្ថ ទាំងកម្លាំងនគរបាល និងកងទ័ព ត្រូវមានកម្រិតយល់ដឹងខ្ពស់ មាន កាយសម្បទារឹងមាំ ស្វាហាប់ និងរហ័សរហួន ) ។
លោក អ៊ុំ រាត្រី បានបន្តថា បច្ចុប្បន្ន ថ្វីត្បិតតែប្រទេសយើងមានសុខសន្តិភាពពេញលេញ ប៉ុន្តែការអភិវឌ្ឍសមត្ថភាពកងទ័ព គឺពិតជាត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមស្មារតីដោះស្រាយនូវគ្រប់ សភាពការណ៍ ជាពិសេសក្នុងការងារគ្រោះមហន្តរាយទាំងបង្កដោយមនុស្ស និងដោយធម្មជាតិផ្សេងៗទៀតផង។ កងទ័ពគឺមិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺជាកម្លាំងយ៉ាងរឹងមាំក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ក្នុងគ្រាអាសន្នពីគ្រោះមហន្តរាយផ្សេងៗ ប្រកប ដោយភាពកក់ក្តៅនិងទំនុកចិត្តពីប្រជាពលរដ្ឋផងដែរ។
នាឱកាសនោះដែរ លោក ឣ៊ុំ រាត្រី ក៏បានឧបត្ថម្ភជាថវិកាចំនួន១០លានរៀល សម្រាប់ពិធីបិទវគ្គហ្វឹកហ្វឺន និងកម្មវិធីពិសារឣាហារស្និតស្នាលផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print