ភ្នំពេញ ៖ រថយន្ត ឡិចសុីសRX330 មួយគ្រឿង បានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ពីរកង់ និងមានមួយកង់ខ្ទៀតមកផ្លូវម្ខាងទៀត ក៏ត្រូវរថយន្តហាយលែនឌ័រមួយគ្រឿងបើកបរបញ្ច្រាសទិសគ្នាមកបុកបន្ថែមរងការខូចខាតយ៉ាងដំណំទាំងពីរគ្រឿង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២៤ នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះ គេឃេីញរថយន្តម៉ាក ឡិចសុីស RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AO-6945 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន ខណៈមកដល់កន្លែងកេីតហេតុក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់ ដោយធ្វេីឲ្យរបាំងថ្មមួយកង់ខ្ទៀតមកផ្លូវម្ខាងទៀត និងគាប់ជួនមានរថយន្តហាយលែនឌ័រ ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2AO-3450 ដែលបើកបរបញ្ច្រាសទិសគ្នាមកបុករបាំងថ្មដែលខ្ទាតមកជិតដល់កណ្ដាលផ្លូវនោះពេញទំហឹងបន្ថែមទៀត ក៏រងការខូចខាតរថយន្តទាំងពីរគ្រឿងចំពីមុខចំហៀងខាងឆ្វេងយ៉ាងដំណំដូចគ្នា តែក្នុងករណីនេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តទាំងពីរគ្រឿងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ