ខេត្តកំពត ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ ទស្សនកិច្ចការអនុវត្តការងារគណនេយ្យភាពសង្គម នៅក្នុងមូលដ្ឋានខេត្តកំពត រួមមាននៅសាលាបឋមសិក្សាអង្គជុំ សាលាឃុំស្នាអញ្ជិត ក្នុងស្រុកជុំគិរី និងនៅសាលាខេត្តកំពត មុនបន្តទស្សនកិច្ចនៅមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ា ឃៀល ក្បែរជើងភ្នំបូគោ។
ទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពី លោកសក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. តំណាងស្ថានទូតអាល្លឺម៉ង់ ស្ថានទូតអូស្ត្រាលី ទីភ្នាក់ងារសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរបស់ប្រទេសស្វីស តំណាងធនាគារពិភពលោក កម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋាន គ.ជ.អ.ប.។
គួរកត់សម្គាល់ថា ការងារគណនេយ្យភាពសង្គម បានផ្ដោតលើការកំណត់ឱ្យមានការនុវត្តនៅមូលដ្ឋានឃុំ សង្កាត់ តាមគោលការណ៍ដូចខាងក្រោម៖
១-ការបំពេញការងារ របស់ក្រុមប្រឹក្សាឃុំ ដែលបានកំណត់ឱ្យអនុវត្តគោលការណ៍សំខាន់ៗ រួមមាន ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានជ្រើសរើសតាមការបោះឆ្នោតដោយប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន ក្នុងមួយអាណត្តិរយៈពេល៥ឆ្នាំ, ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវស្ដាប់មតិយោបល់ប្រជាពលរដ្ឋ, ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវអញ្ជើញប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងកិច្ចប្រជុំជាសាធារណៈ ដោយប្រជាពលរដ្ឋមានសិទ្ធិផ្ដល់យោបល់ សួរសំណួរ អំពីការផ្ដល់សេវា និងគម្រោងនានា ការផ្ដល់សេវាសង្គម និងការបិទផ្សាយព័ត៌មាន។
ទី២-ការផ្តល់សេវានៅសាលាបឋមសិក្សា បានកំណត់ថា កុមារអាយុ ៦ឆ្នាំ ឬ៧០ខែ ត្រូវតែបានចុះឈ្មោះចូលរៀន, គ្រូម្នាក់សម្រាប់តែសិស្សមួយថ្នាក់ ហើយសិស្សមួយថ្នាក់មិនឱ្យលើសពី៤៥ទៅ៥០នាក់, គ្រូត្រូវបង្រៀនឱ្យបាន២១១ថ្ងៃ ក្នុងមួយឆ្នាំសិក្សា, សាលារៀនត្រូវមានសៀវភៅសិក្សាគោលឱ្យសិស្សខ្ចីទៅរៀនពី៣ទៅ៥ក្បាលដោយឥតគិតថ្លៃ, សាលារៀនត្រូវមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទឹកស្អាត បង្គន់អនាម័យ បរិក្ខាលាងសម្អាតដៃ និងលោកគ្រូ អ្នកគ្រូត្រូវជួយសិស្សសិក្សារៀនសូត្រ។
ទី៣-ការផ្តល់សេវានៅមណ្ឌលសុខភាព បានកំណត់ថា មណ្ឌលសុខភាពត្រូវដំណើរការ២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុងមួយសប្ដាហ៍, ត្រូវស្អាត មានអនាម័យល្អជាប្រចាំ, ទទួលបានការផ្គត់ផ្គង់បរិក្ខាឱសថ១២លើកក្នុងមួយឆ្នាំ, គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពត្រូវប្រជុំ៦លើក ក្នុងមួយឆ្នាំ។
ទស្សនកិច្ច នៅសាលាបឋមសិក្សាអង្គជុំ ស្ថិតនៅភូមិព្រៃយាវ ឃុំស្រែក្នុង ស្រុកជុំគិរី នាយកសាលាបានធ្វើបង្ហាញខ្លីអំពីការអនុវត្តតាមគោលការណ៍គណនេយ្យភាពសង្គម ហើយតំណាងអ្នកស្ម័គ្រចិត្តក៏បានបញ្ជាក់អំពីបេសកកម្មជំរុញឱ្យពលរដ្ឋប្រសិទ្ធិចូលរួមពង្រឹងគណនេយ្យភាពសង្គមជូនគណៈប្រតិភូ ខណៈមេភូមិ និងប្រជាពលរដ្ឋប្រមាណ១០០នាក់ កំពុងប្រជុំផ្សព្វផ្សាយ ពិភាក្សា និងផ្ដល់យោបល់ អំពីការងារគណនេយ្យភាពសង្គមជាមួយ។
ក្រោយស្ដាប់បទបង្ហាញ និងចូលរួមស្ដាប់កិច្ចប្រជុំ លោកអភិសន្តិបណ្ឌិត បានលើកទឹកចិត្តពលរដ្ឋសកម្មចូលរួមបញ្ចេញមតិយោបល់ឱ្យបានច្រើនចំពោះគម្រោង និងកិច្ចការងារនានាក្នុងមូលដ្ឋានរបស់ខ្លួន មិនថាមណ្ឌលសុខភាព សាលាបឋមសិក្សា និងសាលាឃុំ។ លោកក៏បានជំរុញពលរដ្ឋចូលរួមវេទិកាសាធារណៈ និងកម្មវិធីនានាដែលរៀបចំដោយអាជ្ញាធរ ដើម្បីទទួលបានព័ត៌មាន លើកសំណើ សំណូមពរ និងជាជំនួយក្នុងការសម្រេចចិត្ត។
នេះជាផ្នែកមួយនៃការលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពប្រជាពលរដ្ឋលើជោគវាសនាឃុំ សង្កាត់របស់ពួកគាត់។ គណៈប្រតិភូ បានបន្តទស្សនកិច្ចនៅសាលាឃុំស្នាអញ្ជិត ដែលនៅទីនោះ លោកមេឃុំ ស្មៀន បានធ្វើបទបង្ហាញអំពីសកម្មភាព និងគម្រោងអភិវឌ្ឍន៍ឃុំពាក់ព័ន្ធនឹងការងារគណនេយ្យភាពសង្គម ខណៈអ្នកស្ម័គ្រចិត្ត ក៏កំពុងពិភាក្សាជាមួយពលរដ្ឋដើម្បីរកមតិកែលម្អគម្រោងនានាក្នុងឃុំ។ លោកអភិសន្តិបណ្ឌិត បានចូលរួមសំណេះសំណាលខ្លីជាមួយអាជ្ញាធរ និងពលរដ្ឋ និងបានផ្ដល់យោបល់លើកទឹកចិត្តឱ្យពលរដ្ឋកុំឱ្យអៀនខ្មាស់ឬអល់អែក ដោយសង្កត់ទៀតថា ព្រោះការបញ្ចេញមតិយោបល់របស់ពលរដ្ឋ គឺជាការចូលរួមតាក់តែងជោគវាសនាសហគមន៍ និងអនាគាតកូនចៅ។
ក្រោមដំណក់ភ្លៀងក្នុងអន្តរកាលប្រាំងនិងវស្សា លោកអភិសន្តិបណ្ឌិត បានបន្តដឹកនាំប្រតិភូធ្វើដំណើរពីសាលាឃុំស្នាអញ្ជិត ឆ្ពោះទៅកាន់ក្រុង កំពតដើម្បីដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការអនុវត្តការងារគណេយ្យភាពសង្គម ក្នុងខេត្តកំពត ដោយមានការធ្វើរបាយការណ៍សង្ខេបពី លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងការធ្វើបទឧទ្ទេសនាមអំពីការងារគណនេយ្យភាពសង្គមក្នុងខេត្តកំពត៕