ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យដាក់ទោសចំពោះជនណាដែលនិយាយថាមិនមានរបបប្រល័យពូជសាសន៍នៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ថ្លែងដូចនេះក្នុងពិធិបិទសន្និសីទស្ដីពី«អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖«ខ្ញុំសូមស្នើឱ្យអ្នកច្បាប់ទាំងអស់ តើយើងអាចនឹងដាក់ច្បាប់នៅក្នុងប្រទេសកម្ពុជាបានឬអត់សម្រាប់ជនណាក៏ដោយដែលថាកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ គឺត្រូវទទួលទោស»។
សម្តេចតេជោបានបញ្ជាក់ថា ៖ នេះមិនមែនជាការសង្កត់លើការបញ្ចេញមតិនោះឡើយ ប៉ុន្តែរាល់ការបញ្ចេញមតិដែលមានចរិតគាំពារបបប្រល័យពូជសាសន៍គួរតែត្រូវមានទោស។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ៖ សម្ដេចត្រូវរងចាំអស់រយៈពេល៤៣ ឆ្នាំ ទើបរកយុត្តិធម៌ជូនដល់ពលរដ្ឋខ្មែរដែលស្លាប់ និងរងគ្រោះព្រោះរបបប្រល័យពូជសាសន៍ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា មេរៀនសម្រាប់កិច្ចការពារ និងប្រយុទ្ធប្រឆាំងអំពើប្រល័យពូជសាសន៍មិនមែនសម្រាប់តែប្រជាជនកម្ពុជានោះទេ គឺសម្រាប់សហគមន៍អន្តរជាតិផងដែរ។សម្តេចបានឯកភាពទាំងស្រុងជាមួយទស្សនៈរបស់សម្តេចមហាប វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា ប្រជាជនកម្ពុជា ត្រូវមានការឯកភាពគ្នាជាធ្លុងលើតភាពប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលាក្តីខ្មែរក្រហម និងការជំនុំជម្រះមេដឹកនាំខ្មែរក្រហម គឺជាការផ្តល់យុត្តិធម៌មួយជូនពលរដ្ឋកម្ពុជា ហើយសម្តេច និងពលរដ្ឋខ្មែរ បានរង់ចាំរហូតដល់ទៅ៤៣ឆ្នាំ។ សាលក្រមរបស់សាលាក្តីខ្មែរក្រហម បានបញ្ចប់ល្បែងផលបូកស្មើសូន្យ ហើយទទួលស្គាល់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ផលបូកស្មើសូន្យ ព្រោះអង្គការសហប្រជាជាតិ ថ្កោលទោសភាពឃោរឃៅរបស់ខ្មែរក្រហម តែក៏ថ្កោលទោសអ្នកផ្តួលរំលំខ្មែរក្រហម ៕