លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោក Shohrat Zakir អនុប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក Shohrat Zakir អនុប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន ។

នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោក Shohrat Zakir បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀត ពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក បានគោរពជម្រាបជូន សម្តេចធិបតី ថា តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជាថា លោកបានកត់ សម្គាល់ឃើញថា កម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ ស្អាត។ លោកក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពីលទ្ធផលនៃជំនួបប្រកបដោយផ្លែផ្កាជាមួយ សម្តេច មហារដ្ឋសភាធិការធិបតី យួន សុដារី ដែលជាផ្នែកនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ បន្ថែមលើនេះ លោក Shohrat Zakir ក៏បានបញ្ជាក់ថា ចិន-កម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណង មិត្តភាពនេះបានប្រែក្លាយទៅជាមិត្តដែកថែប ដែលមិនអាចបំបែកបាន និងកាន់តែជំរុញកិច្ចសហប្រតិបត្តិការនៃការ កសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ ប្រកបដោយគុណភាព កម្រិតនិងស្តង់ដារខ្ពស់ ផងដែរ។ ជាមួយគ្នានេះ លោក Shohrat Zakir ក៏បានគោរព ជម្រាបជូន សម្តេចធិបតី ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាឱកាសនេះ គឺដើម្បីរួមចំណែកក្នុងការជំរុញ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមានបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Shohrat Zakir និង គណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ វាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា រវាងកិច្ចពិភាក្សារវាង សម្តេចមហារដ្ឋសភាធិការធិបតី ។ 

លោក Shohrat Zakir ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំង ពីរ។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន ក្នុងរយៈពេលប្រមាណ ៧០ឆ្នាំ ប្រទេសទាំងពីរបានពង្រឹង និងពង្រីកទំនាក់ទំនងក្លាយជាមិត្តដែកថែប ព្រមទាំបានពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ។ សម្តេចធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបាន រួមចំណែកក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ព្រមទាំងបានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ បន្ថែមទៀត។

មុននឹងបញ្ចប់ សម្តេចធិបតី និងលោក Shohrat Zakir ក៏បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ ទេសចរណ៍ អប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការធ្វើទំនើបកម្មវិស័យឧស្សាហកម្មនិង បច្ចេកវិទ្យា ការពង្រីកការនាំចេញផលិតផលកសិកម្មកម្ពុជាទៅសាធារណរដ្ឋប្រជាមានិតចិន ការពង្រឹងកិច្ចសហ ប្រតិបត្តិការលើច្រករបៀងមច្ឆានិងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ព្រមទាំង ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជាប្រយោជន៍រួមនៃប្រទេសទាំងពីរក៏ដូចជា តំបន់ និងសកលលោកផងដែរ។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោក Shohrat Zakir និងគណៈប្រតិភូ ឱ្យទទួលបាននូវជោគជ័យ ក្នុងដំណើរបំពេញបេសកកម្មនៅព្រះជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print