លោក សុខ ចិន្តាសោភា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋតួកគី ព្រមទាំងចូលរួមកិច្ចប្រជុំសហគ្រិនហ្រ្វង់កូហ្វូន នៅប្រទេសម៉ារ៉ុក

ចែករំលែក៖

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នឹងអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន និង សាធារណរដ្ឋតួកគី ព្រមទាំងចូលរួមកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន នៅប្រទេសម៉ារ៉ុក ។

លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ ប្រជាមានិតចិន និងសាធារណរដ្ឋតួកគី ពីថ្ងៃទី ២៤ ដល់ ២៩ ខែឧសភា តបតាមការអញ្ជើញរបស់ លោក  វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ច ការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណ រដ្ឋប្រជាមានិតចិន និង លោក ហាកាន់ ហ្វីដាន់ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋតួកគី។ បន្ទាប់ពីការបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន លើកទី៤ ពីថ្ងៃទី៣០ ដល់ ៣១ ខែឧសភា នៅទីក្រុងម៉ារ៉ាកិក ប្រទេសម៉ារ៉ុក តបតាមការអញ្ជើញរបស់ លោក ចាគីប អាល ប្រធានសហព័ន្ធទូទៅនៃសហគ្រាស ម៉ារ៉ុក និង លោក ហ្សេហ្វយ រូ ដឺ បេស្សី ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន។

ក្នុងពេលស្នាក់នៅប្រទេសចិន ពីថ្ងៃទី ២៤ ដល់ ២៥ ខែឧសភា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និង លោក វ៉ាង យី នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញនូវមិត្តភាពដែកថែបដ៏រឹងមាំដែល មានស្រាប់ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេស ទាំងពីរ ដើម្បីអបអរសាទរឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ លោក ឧបនាយករដ្ឋមន្ត្រី គ្រោងជួបសម្តែងការគួរសមជាមួយ លោក ហាន ចឹង អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងជួបជាមួយ លោក ចាង ជៀនហ័រ សមាជិកក្រុមដឹកនាំនៃ បក្សកុម្មុយនីស្តចិនប្រចាំគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ ប្រធានរដ្ឋបាលថាមពលជាតិ ហើយនឹងមានជំនួបសំណេះសំណាល ជាមួយ សហគមន៍ខ្មែរ រួមទាំងនិស្សិតដែលកំពុងសិក្សា និង ស្នាក់នៅទីនោះផងដែរ។

នៅប្រទេសតួកគីនៅថ្ងៃទី២៧ ខែឧសភា លោកឧបនាយករដ្ឋមន្ត្រី នឹងចូលរួមពិសារ អាហារថ្ងៃត្រង់ធុរកិច្ច ដែលឯកឧត្តមនឹងពិភាក្សាអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសកម្ពុជា និងតួកគី។ នៅថ្ងៃទី២៨ ខែឧសភា លោកឧបនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយឥស្សរជនតួកគី ទាំង ផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញត្តិផងដែរ។ នៅថ្ងៃទី២៩ ខែឧសភា លោក សុខ ចិន្តាសោភា និង សមភាគីតួកគី ឯកឧត្តម ហាកាន់ ហ្វីដាន់ នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីស្វែងរកមធ្យោបាយថ្មីៗ ក្នុងការពង្រឹងយន្តការដែលមានស្រាប់លើគ្រប់វិស័យ និងរិះរកបន្ថែមទៀតនូវសក្តានុពលថ្មីៗ លើ គ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏នឹងផ្លាស់ប្តូរ ទស្សនៈគ្នាលើការវិវឌ្ឍថ្មីៗ នៅក្នុងតំបន់ និងអន្តរជាតិ។ លើលពីនេះ ឯកសារនៃកិច្ចសហប្រតិបត្តិ ការមួយចំនួនត្រូវបានរំពឹងថានឹងត្រូវបានចុះហត្ថលេខា ក្នុងអំឡុងកិច្ចប្រជុំនេះ ដើម្បីពង្រឹងទំនាក់ ទំនងរវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសតួកគី លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួប សំណេះសំណាលជាមួយសហគមន៍ខ្មែរ និងនិស្សិត ផងដែរ។ ដំណើរទស្សនកិច្ចនេះនឹងផ្តល់ជា សក្ខីភាពយ៉ាងច្បាស់នៃចំណងមិត្តភាពដ៏រឹងមាំ និងប្រកបដោយភាពស្និទ្ធស្នាល ព្រមទាំងលើក កម្ពស់ទំនាក់ទំនងរីកចម្រើនរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា និងតួកគីកំពុងប្រារព្ធខួបលើក ទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៤ នេះ។

នៅប្រទេសម៉ារ៉ុកពីថ្ងៃទី៣០ ដល់ ៣១ ខែឧសភា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងធ្វើបទ អន្តរាគមន៍ ក្នុងពិធីបើកសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន លើកទី៤ ក្រោមមូលបទ «ការពង្រឹងសមត្ថភាពប្រកួតប្រជែង និងភាពធន់នៃសហគ្រាសហ្វ្រង់កូហ្វូន៖ តើគេរំពឹងចង់បានការ គាំទ្រអ្វីខ្លះពីរដ្ឋាភិបាល?» ដោយមានការចូលរួមពីឥស្សរជនក្នុងវិស័យសាធារណៈ និងឯកជន។

លោកឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបជាមួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គ លេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អង្គការ OIF ជាពិសេស បេក្ខភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print