ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។
សូមជម្រាបជូនថា ការគ្របដណ្តប់សុខភាពជាសកល (គ.ស.ស.) ជាការប្តេជ្ញារបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់ ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។ ការប្តេជ្ញាជាសកលនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៣ ស្តីពីការធានាឱ្យបាននូវសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់ពលរដ្ឋគ្រប់វ័យ)។
ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់រំលេច គ.ស.ស. ជាធាតុស្នូលនៅក្នុងឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយជាតិនានា ដូចជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣, ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០០៨-២០១៥ និង ២០១៦-២០២០, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, និងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។
បន្ថែមលើនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏បានកំណត់ «ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» ជាកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ផងដែរ។
ផ្អែកលើមូលដ្ឋានខាងលើ និងដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន, ក្រុមប្រឹក្សាជាតិគាំពារសង្គមបានបង្កើតក្រុមការងារបច្ចេកទេសរៀបចំផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ដែលសម្របសម្រួលដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតំណាងឱ្យក្រសួងសុខាភិបាល ដើម្បីរៀបចំតាក់តែងសេចក្ដីព្រាង «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា» និងបានដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ព្រមទាំងបានទទួលការសម្រេច និងផ្តល់ហត្ថលេខាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
ផែនទីបង្ហាញផ្លូវនេះ ជាឯកសារមគ្គុទេ្ទសក៍សម្រាប់កំណត់ដំណើរជាយុទ្ធសាស្ត្រឆ្ពោះទៅ គ.ស.ស. នៅកម្ពុជា ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ តាមរយៈការកំណត់ជម្រើសគោលនយោបាយអាទិភាពសម្រាប់ពង្រឹងប្រព័ន្ធគាំពារសុខភាពសង្គម និងប្រព័ន្ធសុខាភិបាល ក្នុងទិដ្ឋភាពពហុវិស័យ, ពហុវិមាត្រ និងគ្រប់ជ្រុងជ្រោយ ដោយបង្ហាញទិសដៅកម្រិតយុទ្ធសាស្ត្រ និងទុកលទ្ធភាពឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តរៀបចំផែនការប្រតិបត្តិ លម្អិត ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវនេះ ជាជំហានៗ។ ផែនទីបង្ហាញផ្លូវនេះ ក៏នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយមិនត្រឹមតែផ្តោតលើការពង្រីកវិសាលភាពនៃការគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមប៉ុណ្ណោះទេ តែថែមទាំងផ្ដោតផងដែរលើវិមាត្រ ២ទៀត ដែលរួមមានការគ្របដណ្តប់សេវាសុខាភិបាលសារវន្ត, និងការការពារហានិភ័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានសុខាភិបាល ព្រមទាំងការគិតគូរអំពីកត្តាជំរុញគាំទ្រផងដែរ។
ផ្អែកលើសមិទ្ធផលនានាដែលសម្រេចបានកន្លងមក ទាំងក្នុងវិស័យសុខាភិបាល និងប្រព័ន្ធគាំពារសុខភាពសង្គម ព្រមទាំងការវិភាគស៊ីជម្រៅលើបញ្ហាប្រឈមបច្ចុប្បន្ន និងនាពេលអនាគត, ផែនទីបង្ហាញផ្លូវនេះ បានកំណត់ដំណើរជាយុទ្ធសាស្ត្រឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ពីឆ្នាំ២០២៤ ដល់២០៣៥ តាមរយៈការដាក់ចេញនូវសកម្មភាពយុទ្ធសាស្ត្រ និងគោលដៅអាទិភាពតាមដំណាក់កាល ក្នុងទិដ្ឋភាពពហុវិស័យ តាមរយៈការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាលទាំងសាធារណៈ និងឯកជន សំដៅកាត់បន្ថយឱ្យបានជាអតិបរមាអត្រាចំណាយពីហោប៉ៅលើការថែទាំសុខភាព និងពង្រឹងប្រសិទ្ធភាពចំណាយសម្រាប់វិស័យសុខាភិបាល។ ផែនទីបង្ហាញផ្លូវនេះ កំណត់គោលដៅជាក់លាក់ចំនួន៣ ដូចខាងក្រោម៖
(១) ការពង្រីកវិសាលភាពគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមឱ្យបាន ៨០ភាគរយ នៃចំនួនពលរដ្ឋសរុប,
(២) សន្ទស្សន៍គ្របដណ្តប់សេវាសុខាភិបាលសារវន្តឱ្យបានយ៉ាងហោចណាស់ ៨០ភាគរយ
(៣) កាត់បន្ថយអត្រាចំណាយពីហោប៉ៅលើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសរុបលើវិស័យសុខាភិបាល។
ដើម្បីសម្រេចបាននូវគោលដៅទាំង៣នេះ, ផែនទីបង្ហាញផ្លូវនេះក៏បានកំណត់នូវវិមាត្រចំនួន៣ និងកត្តាជំរុញគាំទ្រមួយចំនួនផងដែរ៕ដោយ៖តារា