ភ្នំពេញ ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការឃាត់ខ្លួនលោក ស៊ុន ចន្ធី ដោយសារតែលោកបានផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងកេងចំណេញនយោបាយរបស់ខ្លួន ដោយបានចោទមួលបង្កាច់ថា រាជរដ្ឋាភិបាលបានដាក់គោលនយោបាយរើសអើងចំពោះប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចោទបំភ្លៃរបស់លោក ស៊ុន ចន្ធី បែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល បង្កភាពវឹកវរនៅក្នុងសង្គម តាមរយៈការមួលបង្កាច់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ដែរថា ៖ ការចាត់វិធានការច្បាប់ទៅលើបុគ្គលណាម្នាក់ គឺដោយសារតែបុគ្គលនោះបានប្រព្រឹត្តហួសពីព្រំដែននៃច្បាប់ ហើយសម្តេចក៏បានស្នើទៅមិត្តបរទេសមួយចំនួន កុំឱ្យគាំទ្របុគ្គលមួយចំនួនដែលប្រព្រឹត្តខុសច្បាប់ និងត្រូវមើលឱ្យឃើញថា តើបុគ្គលនោះបានប្រព្រឹត្តកំហុសអ្វី ទើបឈានទៅដល់ការអនុវត្តច្បាប់បែបនេះ។
សូមបញ្ជាក់ថា ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ កន្លងនេះ បានចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ពេលចុះពីលើយន្តហោះ ក្រោយបង្ហោះតាមបណ្តាញសង្គម នាំឲ្យពលរដ្ឋយល់ច្រឡំ និងបង្កឲ្យមានភាពវឹកវរក្នុងសង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា ករណីឃាត់ខ្លួនឈ្មោះ ស៊ុន ចន្ធី សមត្ថកិច្ចអនុវត្តដោយទទួលបានការអនុញ្ញាត ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យចូលខ្លួន ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ ហើយនៅវេលាម៉ោង ០៩៖០០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុន ចន្ធី ភេទប្រុស អាយុ ៤៤ឆ្នាំ ប្រធានគណបក្សកម្លាំងជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានប្រព្រឹត្តតាមរយៈបង្ហោះផ្សព្វផ្សាយ ព័ត៌មានលើបណ្តាញសង្គម ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំបង្កឱ្យ មានភាពវឹកវរក្នុងសង្គម។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី នៅសាលាដំបូង រាជធានីភ្នំពេញ៕