ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ កតណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដឹកនាំដោយលោក គ្រី សីហា ព្រះអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់បានចុះបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខ្សាច់សផ្ទះជនសង្ស័យស្ថិតនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃពុធទី២២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១១និង ៤០នាទីព្រឹក។
លោកអធិការ តាន់ គារិទ្ធ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ឧសភានេះដែរថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ស្រី១នាក់៖ ១-ឈ្មោះ អ៊ុត តាក់ ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(ម្ចាស់ផ្ទះ)។ ២-ឈ្មោះ លី លីន ហៅបារាំង ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ៣-ឈ្មោះ ស៊ឹម រ៉ូ ភេទប្រុស អាយុ២៦ឆ្នាំរស់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង ៤-ឈ្មោះ មៀច តូ ភេទប្រុស អាយុ៧៤ឆ្នាំរស់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នឹងវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់ធំ ទម្ងន់សាច់ថ្នាំ ៣០,៤៤ក្រាម ,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១គ្រឿង ,ទូរសព្ទចំនួន៦គ្រឿង(ចុចថាច់ចំនួន៤រឿង ចុចពិលចំនួន២គ្រឿង) ,ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួនធំ ,ម៉ាស៊ីនអាឈើចំនួន ១គ្រឿង ,កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួន១ ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១ ,កាតវ៉ាក់សាំងចំនួន១ ,ថង់ដៃពណ៌ខ្មៅចំនួន២ ,កូនកំប៉ុងជ័រសម្រាប់ច្រកថ្នាំញៀនចំនួន១ ,ម៉ូតូចំនួន២គ្រឿង ,លុយខ្មែរចំនួន២៥០០០០៛ ,ដែកកេះចំនួន១ ,អំពូលសម្រាប់ជក់ថ្នាំញៀនចំនួន១។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបំពេញបែបបទតាមនីតិវិធី៕អរុណរះ