ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំធ្វើតេស្តស្វែងរកសារធាតុញៀនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលត្រូវធ្វើឡើងរយៈពេលពីរថ្ងៃ (២៣-២៤ ខែឧសភា ឆ្នាំ២០២៤) នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
សូមរំលឹកថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមកនេះ បានចេញបទបញ្ជាមួយ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយតម្រូវឲ្យ៖
១៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
២៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
៣៖ ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ ។
សូមបញ្ជាក់ថា ៖ ថ្នាក់ក្រោមជាតិ នៅខេត្តកំពង់ស្ពឺ ២ថ្ងៃកន្លងទៅ មន្ត្រីរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ មិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយទទួលបានលទ្ធផលអវិជ្ជមានក្រោយការធ្វើតេស្ត ។
អនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ កាលពីថ្ងៃទី២០ កុម្ភៈ ២០២៤ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត បានរៀបចំការធ្វើតេស្តសារធាតុញៀនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្ត ចំនួន ២០២នាក់ (ស្ត្រី ៨៦នាក់) ជាលទ្ធផលនៃការធ្វើតេស្ត បានរកឃើញថា មន្ត្រីទាំង ២០២នាក់ ពុំមានជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់នោះទេ។
សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីទាំង២០២នាក់ ក្នុងខេត្តកំពង់ស្ពឺ ដែលបានចូលរួមជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល និងបង្ហាញភាពស្អាតស្អំ ក្នុងនាមជាគំរូដល់ប្រជាពលរដ្ឋ ដោយមិនមានលទ្ធផលពាក់ព័ន្ធនឹងគ្រឿងញៀន សូម្បីមន្ត្រីម្នាក់ ៕