ភ្នំពេញ ៖ ក្នុងពិធីបិទសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ដែលប្រារព្ធនៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃពុធទី២២ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា ៖ កាលពីមុន បរទេសនិយមញុះញង់ឱ្យមានរដ្ឋប្រហារដែលត្រូវបានគេអនុវត្តរួចហើយនៅក្នុងឆ្នាំ១៩៧០ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដែលបានធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ប៉ុន្តែពេលនេះ គេនិយមប្រើប្រាស់ «បដិវត្តន៍ពណ៌» ដែល ចំណុចទាំងពីរនេះ គឺជាកត្តានាំប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម និងអំពើប្រល័យពូជសាសន៍។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ៖ នៅកម្ពុជា ក៏មានការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅឆ្នាំ២០១៣ម្តង ប៉ុន្តែត្រូវបានសម្តេចទប់ស្កាត់ទាន់ពេលវេលា តាមរយៈការរកឃើញនូវគន្លឹះនៃបដិវត្តន៍ពណ៌ គឺការធ្វើអព្យាក្រឹត្យកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។
សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកផងដែរថា កងកម្លាំងប្រដាប់អាវុធ មិនអាចអព្យាក្រឹត្យបានឡើយរវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ បើសិនជាមានការប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺកងកម្លាំងប្រដាប់អាវុធមានភារកិច្ចបង្រ្កាបទប់ស្កាត់ដើម្បីការពារសន្តិភាពនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋ១៧លាននាក់។
សម្តេចតេជោ បានថ្លែងថា យើងត្រូវតែយកចិត្តទុកដាក់លើនយោបាយ «ចុងខ្សែពីរនៃចំណងមួយ» គឺចុងខ្សែម្ខាង គឺសន្តិភាព និងចុងម្ខាងទៀត គឺការអភិវឌ្ឍន៍ ដើម្បីធានាដល់ការអភិវឌ្ឍ និងការរក្សាសុខសន្តិភាព។ សម្តេចតេជោ បានស្នើឱ្យបរទេសរៀនសូត្រពីការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជា ជាពិសេសរៀនសូត្រពីកំហុស ដែលបានគាំទ្រមេដឹកនាំរបបប្រល័យពូជសាសន៍។
សម្តេចបានរំលឹកថា រាល់ពេលសម្តេចជួបជាមួយមិត្តភក្តិប្រទេស សម្តេចតែងរំលឹកពួកគេកុំឱ្យប្រព្រឹត្តកំហុសលើកទី៣លើប្រទេសកម្ពុជា ដែលកំហុសទី១ គឺការគាំទ្រការធ្វើរដ្ឋប្រហាររបស់ លន់ នល់, កំហុសទី២ គឺការទទួលស្គាល់របបខ្មែរ ក្រហម ឱ្យអង្គុយនៅអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំ ហើយមកធ្វើបាបអ្នកដែលប្រឹងប្រែងរស់ងើបចេញពីរបបខ្មែរក្រហម ដូច្នេះសុំកុំសាងកំហុសលើកទី៣លើទឹកដីកម្ពុជា។ សម្តេចតេជោ បានថ្លែងថា បើអន្តរជាតិធ្វើដាក់របប លន់ នល់ ដូចធ្វើដាក់របបយោធារបស់មីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន ប្រហែលជាបញ្ហានៅកម្ពុជាមិនរីករាលដាលធំនោះទេ ៕