ខេត្តសៀមរាប÷ រយៈពេល៣ថ្ងៃ ២យប់ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ទី២៣ ខែឧសភា ឆ្នាំ២០២៤ អ្នកភូមិជើងវត្តអាធ្វា រៀបចំពិធីបុណ្យឆាន់ដា និងពិសាខបូជា នៅទួលតាមមឿង តាមទំនៀមបុរាណដែលតែងតែប្រារព្ធធ្វើឡើង ក្នុងគោលបំណងឧទ្ទិសកុសល់ដល់បុព្វការីជនទាំង៧សន្តាន ផ្តាច់កម្មផ្តាច់ពៀរសុំសេចក្តីសុខដោយប្រារព្ធភ្ជាប់នូវពិធីបុណ្យពិសាខបូជាផង។
លោកព្រឹទ្ធាចារ្យ ម៉ក់ សារ៉ម អាយុ៧៧ឆ្នាំ រៀបរាប់ឱ្យដឹងថា វិធីបុណ្យនេះបានបន្តធ្វើឡើងតាមទំនៀមទម្លាប់បុរាណរៀងមក ដោយធ្វើឡើងនៅទួលតាមឿង និងកំណត់យកថ្ងៃពេញបូរណ៌មី ខែពិសាខបូជាមានចំនួន៣ថ្ងៃ ២យប់។ លោកបានបន្តថា កិច្ចពិធីមាននៅក្នុងថ្ងៃទី១ គឺឡើងរោង រៀបចំគ្រឿងរណ្តាប់ គ្រឿងសក្ការបូជាផ្សេងៗសម្រាប់ប្រើប្រាស់។ នាពេលរសៀលធ្វើកិច្ចពិធីបួងសួង បើកព្រះនេត្រព្រះ និងចម្រើនព្រះបរិត្ត។ ថ្ងៃទី២ ព្រឹកឡើងរៀបចំពិធីឆ្លង រួមមានឆ្លងព្រះ ឆ្លងភ្នំខ្សាច់ និងទេសនាអានិសង្ឃភ្នំខ្សាច់។ លុះល្ងាចឡើងរៀបចំសូត្រមន្ត ឆាន់ដាទក្ខិណានុប្បទានជូនដល់ដូនតា ដែលអនិច្ចកម្មទៅ។ មិនថាតែញាតិ ឬអញាតិដែលអនិច្ចកម្មទាំងប៉ុន្មាន ដូចជាអ្នកបានតស៊ូក្នុងកិច្ចការពារប្រទេសជាតិក៏មកទទួលអនុមោទនាបានដូចគ្នា។ ថ្ងៃទី៣ ព្រឹកឡើង ឆាន់ដាឆ្លង ផ្សឹកភ្នំខ្សាច់ និងរាប់បាត្រជាកិច្ចនៃការបង្ហើយបុណ្យ។
ក្នុងកម្មពិធីនេះ មានភាពអធិកអធមក្រៃលែង។ ប្រជាពលរដ្ឋប្រុស-ស្រី ចាស់-ក្មេង ចំណុះជើងវត្តអាធ្វា រួមមាន ភូមិក្រសាំងរលើង ភូមិទ្រាក ភូមិដូនវង ភូមិធំ ភូមិកក្រាញ់ ភូមិស្ពានជ្រាវ មករៀបចំធ្វើរោងបុណ្យ រៀបចំគ្រឿងសក្ការបូជា ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ម្ហូបអាហារសម្រាប់ទទួលភ្ញៀវ ដែលមកចូលរួមក្នុងពិធីបុណ្យ និងធ្វើកិច្ចនៅក្នុងពិធីតាមសទ្ធាជ្រះថ្លាយ៉ាងច្រើនកុះករ ដែលជាទំនៀមរបស់អ្នកភូមិចំណុះវត្តអធ្វាតែងតែមូលមាត់គ្នាប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ៕