ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញថា៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ បានទទួលបណ្តឹងតាមរយៈ HOTLINE របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្ដីពីករណី “ជនបរទេសប្រមូលផ្តុំគ្នាមិនព្រមចូលធ្វើការ” នៅចំណុចកាស៊ីណូ ជីន ប៉ី បួន ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ នៅវេលាម៉ោង ២០និង១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងខាងលើឃើញថា ទីតាំងមាននាមករណ៍ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក (G.C MEDIA CO.,LTD) មានអាជ្ញាបណ្ណកាស៊ីណូលេខ ២០៧ គ.ល.ក CGMC ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានសុពលភាពដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧ ។ ក្រុមការងារបានពិនិត្យឃើញជនបរទេសកំពុងផ្តុំគ្នានៅទីលានតារាងបាល់បោះក្នុងទីតាំងកាស៊ីណូចំនួន ៥៧នាក់ (ឥណ្ឌា ៥៥នាក់ និងនេប៉ាល់ ០២នាក់) ក្នុងនោះ ៖
+ជនបរទេសមានលិខិតឆ្លងដែនជាប់ខ្លួន ចំនួន ៤៩នាក់ (ឥណ្ឌា ៤៧នាក់ និងនេប៉ាល់ ០២នាក់) ។
+ជនបរទេសគ្មានលិខិតឆ្លងដែនជាប់ខ្លួន ចំនួន ០៨នាក់ (ឥណ្ឌា) ។
ក្រោយពីត្រួតពិនិត្យ និងស្តាប់ការបំភ្លឺរបស់ជនបរទេសខាងលើ បានឱ្យដឹងថា ៖ ដោយសារមិនពេញចិត្តនឹងការងារ និងចង់ត្រឡប់ទៅប្រទេសកំណើតវិញ ទើបពួកគេនាំគ្នាប្រមូលផ្តុំមិនព្រមចូលធ្វើការ ។ ពាក់ព័ន្ធករណីខាងលើ ក្រុមការងារបានសម្រេចធ្វើការនាំខ្លួនជនបរទេសចំនួន ៥៧នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ថែម ។
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដោយមានការឯកភាពគ្នា ក្រុមការងារបានធ្វើការសម្របសម្រួលបញ្ជូនជនបរទេសទាំង ៥៧នាក់ ខាងលើ ទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (នៅរាជធានីភ្នំពេញ) ដើម្បីបន្តនីតិវិធី ។
សូមបញ្ជាក់ ៖ ករណីខាងលេី មិនមានផ្ទុះអាវុធ ឬបង្កហិង្សា ដូចសារព័ត៍មានជាតិ និងអន្តរជាតិមួយចំនួនចុះផ្សាយនោះទេ ៕
ដោយ៖តារា