ភ្នំពេញ ៖ តាមការសិក្សាជាច្រើនបានបង្ហាញថា មានស្ត្រីម្នាក់ក្នុងចំណោម ៨ នាក់អាចប្រឈម និងកើតជំងឺមហារីកសុដន់ជារៀងរាល់ឆ្នាំ។ ជំងឺមហារីកសុដន់ គឺជាជំងឺដែលកើតឡើងដោយសារការមានបំរែបំរួលខុសធម្មតានៅក្នុងកោសិការសុដន់។ ការប្រែប្រួលនេះលេចចេញដំបូងជាចំណុចតូចៗ បន្ទាប់មកផ្តុំជាដុំ ហើយសាយភាយទៅតំបន់ទាំងមូលរបស់សុដន់ និងអាចរាលដាលទៅសរីរាង្គផ្សេងៗនៃតួរខ្លួនរបស់អ្នកជំងឺ។
ជំងឺមហារីកសុដន់ភាគច្រើនកើតលើស្ត្រី តែបុរសក៏អាចប្រឈមមុខនឹងជំងឺនេះផងដែរ។
យើងបែងចែកជំងឺមហារីកសុដន់នេះជា២ប្រភេទ
១- មហារីកដែលកើតចេញពីបំរែបំរួលកោសិកានៅក្នុងបំពង់ទឹកដោះ
២- មហារីកដែលកើតចេញពីបំរែបំរួលកោសិកានៅក្នុងកន្សោមដោះ
កត្តាហានិភ័យដែលអាចអោយកើតជំងឺមហារីកសុដន់រួមមាន៖
១- កត្តាប្រវត្តិក្រុមគ្រួសារ (ម្តាយបង្កើត បងស្រី ប្អូនស្រីបង្កើត) កត្តាហ្សែន ៥-១០%
២- អ្នកលើសទំងន់ច្រើនជាងគីឡូស្តង់ដា (BMI) និងអ្នកមានលើសគីឡូច្រើនក្រោយអស់រដូវ
៣- កត្តារបបចំណីអាហារ (អាហារសំបូរដោយជាតិខ្លាញ់)
៤- អ្នកដែលពិសារគ្រឿងស្រវឹងច្រើន
៥- អ្នកដែលប្រើពពួកអ័រម៉ូនយូរឆ្នាំ
៦- អ្នកមិនមានកូន សុដន់តឹងណែន
៧- អ្នកមានកូនដំបូងនៅអាយុច្រើនលើសពី ៣0ឆ្នាំ និងស្ត្រីមិនបំបៅដោះកូន
៨- ស្ត្រីដែលមានរដូវដំបូងមុនអាយុ ១២ឆ្នាំ និងអស់រដូវក្រោយ ៥៥ឆ្នាំ
ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺមហារីកសុដន់យើងត្រូវ៖
១- ពិនិត្យសុដន់ និងក្លៀក
២- ថតគៀបសុដន់ mammography
៣- អេកូសុដន់
៤- ច្រិបយកដុំសាច់ដែលសង្ស័យយកទៅវិភាគ (microbiopsy)
៥- ថតសុដន់ដោយម៉ាស៊ីន MRI និងម៉ាស៊ីន scanner
រោគសញ្ញានៃជំងឺមហារីកសុដន់មាន៖
១- ប្រែប្រួលទំហំ និងទំរង់សុដន់
២- សញ្ញាឈឺសុដន់
៣- ស្បែកសុដន់ប្រែប្រួល ក្រហម ហើម រឺមានលក្ខណះដូចសំបកក្រូចពោធិសាត់
៤- មានចេញឈាម រឺទឹករងៃពីក្បាលសុដន់
៥- មានដុំស្អិតនៅក្នុងសុដន់
៦- ក្បាលសុដន់លឹបចូលក្នុង
៧- មានឡើងហើមកូនកណ្តុរក្រោមក្លៀក
វិធីបង្ការពីជំងឺមហារីកសុដន់៖
១- ពិនិត្យ គៀប និងអេកូសុដន់ជារៀងរាល់ឆ្នាំចាប់ពីអាយុ ៣៥ឆ្នាំឡើង
២- ធ្វើលំហាត់ប្រាណអោយបានទៀងទាត់ដើម្បីរក្សាទំងន់អោយនៅស្តង់ដា (BMI)
៣- កុំជក់បារី និងបន្ថយការពិសារគ្រឿងស្រវឹង
៤- បន្ថយការប្រើប្រាស់អ័រម៉ូនរយៈពេលយូរលើសពី ១០ឆ្នាំ
៥- បំបៅដោះកូន ចន្លោះ ១ឆ្នាំកន្លះទៅ ២ឆ្នាំ
ប្រសិនបើបងប្អូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រញាប់មកជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕