អន្តរជាតិ៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះថា៖ លោក Petr Pavel ប្រធានាធិបតីឆែក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយរងរបួស ខណៈដែលរូបគាត់កំពុងជិះម៉ូតូប្រណាំងគ្នា។
បើតាមការបញ្ជាក់ពីប៉ូលិសឆែក បាននិយាយថា ការស៊ើបអង្កេតមិនត្រូវបានធ្វើឡើងទេ ព្រោះគ្រោះថ្នាក់នេះស្ថិតនៅទីលានប្រណាំងម៉ូតូ មិនមែនជាផ្លូវសាធារណៈ។ នៅពេលកើតហេតុការណ៍ លោក Pavel ត្រូវគេជឿជាក់ថា លោកកំពុងប្រណាំងម៉ូតូធំប្រភេទ BMW R1200 GS។
ជាមួយគ្នានេះ ការិយាល័យប្រធានាធិបតីសាធារណរដ្ឋឆែក បាននិយាយថា របួសរបស់លោក Pavel មិនជាធ្ងន់ធ្ងរអ្វីទេ ប៉ុន្តែត្រូវស្ថិតនៅក្រោមការសង្កេតមើលរយៈពេលខ្លីជាបណ្ដោះអាសន្នសិន។ ព័ត៌មានលម្អិតបន្ថែមទៀតមិនត្រូវបានបកស្រាយឲ្យដឹងនោះឡើយ។
លោក Pavel វ័យ៦២ឆ្នាំ គឺជាបុគ្គលមួយរូប ដែលស្រឡាញ់ការជិះម៉ូតូកម្សាន្ត។ មុនពិធីឡើងកាន់តំណែងប៉ុន្មានសប្ដាហ៍កាលពីឆ្នាំ២០២៣ លោក Pavel បានទៅជិះម៉ូតូធំចូលលេងរដ្ឋ Bavaria ក្នុងប្រទេសអាល្លឺម៉ង់។
គួរជម្រាបជូនថា ករណីគ្រោះថ្នាក់លោក Pavel ដែលកើតឡើងកាលពីថ្ងៃទី២៣ ឧសភាម្សិលមិញនេះ មិនមែនជាបញ្ហាទើបបង្កឡើងលើកដំបូងដោយប្រធានាធិបតីរូបនេះឡើយ។ កាលពីឆ្នាំ២០២៣ លោកធ្លាប់បានធ្វើការសូមទោសជាសាធារណៈម្ដងរួចមកហើយ ដែលត្រូវគេថតបានថា លោកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព។ បន្ថែមពីនេះ នៅខែមេសាកន្លងទៅ លោក Pavel បានរងរបួសដាច់រហែកសាច់ជិតចិញ្ចើមភ្នែក ពេលកំពុងលេងបាញ់កាំភ្លើងនៅទីលានកម្សាន្តមួយកន្លែង៕
ដោយ៖តារា
រូបថត:Igor Sushko