ភ្នំពេញ ៖ បុរសម្នាក់បានឡេីងដេីមត្នោតបេះផ្លែតែអកុសលត្រូវបានឱម៉ាល់ទិចក៏ធ្លាក់ពីលើដើមត្នោតស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ជឹម សុខលៀង អាយុ ៣៨ឆ្នាំមុខរបរជាងភ្លើង ស្នាក់នៅភូមិកើតហេតុខាងលើ និងជាបុរសពោះម៉ាយ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងទៅគេមិនដែលឃេីញជនរងគ្រោះចេះឡើងដើមឈើ ឬដេីមត្នោតនោះឡេីយ ។ ស្រាប់តែនៅរសៀលថ្ងៃកេីតហេតុក៏បានដើរទៅវាលស្រែខាងក្រោយរួចឡើងដើមត្នោតបំណងកាប់ផ្លែ តែត្រូវឱម៉ាល់ទិចទេីបរបូតដៃធ្លាក់មកក្រោម ធ្វេីឲ្យជនរងគ្រោះរបួសធ្ងន់ ទេីបប្រជាពលរដ្ឋជិតខាងនាំគ្នាដឹកជនរងគ្រោះមកសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកដង្កោ ខណៈមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក៏បានដឹកជនរងគ្រោះត្រឡប់ទៅផ្ទះវិញ។
ក្រោយពីទទួលបានព័ត៌មានថា មានបុរសធ្លាក់ពីលើដើមត្នោតស្លាប់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក បានចុះទៅដល់កន្លែងកើតហេតុ តែពេលនោះបងប្អូនសាច់ញាតិបានប្រាប់សមត្ថកិច្ចថាមិនប្ដឹងផ្ដល់អ្វីនោះទេដោយសារតែជនរងគ្រោះ ជួបឧប្បត្តិហេតុ ស្លាប់ដោយខ្លួនឯង ទេីបសមត្ថកិច្ចធ្វើលិខិតប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ