ខេត្តកំពង់ចាម ៖ ជនសង្ស័យ០២នាក់បានធ្វេីសកម្មភាពជិះម៉ូតូកាន់ដាវ និងកាំបិតតាំងតោអូសកាត់លេីថ្នល ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងល្បាតតាមផ្លូវធ្វេីការឃាត់ខ្លួនដេីម្បីចាត់ការតាមច្បាប់ ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ។
ក្នុងប្រតិបត្តិការនេះ គឺបន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានការចង្អុលណែនាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាយ៉ាងមុឹងម៉ាត់ ព្រមទាំងទទួលបានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ទេីបនៅយប់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញ បន្ដពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់សកម្មភាពបទល្មើស ក្នុងនោះក៏មានសកម្មភាពក្មេងទំនើង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិ យ៉ាងមុឹងម៉ាត់ និងហ្មត់ចត់បំផុត រហូតមកដល់វេលាម៉ោង ២២:៤០នាទីយប់ ខណៈពេលកម្លាំងសមត្ថកិច្ចបាននឹងកំពុងល្បាតចល័ត នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចផ្លូវបំបែកផ្សារព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក៏បានប្រទះឃើញក្មេងទំនើង ០១ក្រុម មានគ្នា០២នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ប្រដាប់ដោយកាំបិតតាំងតោ ០១ដើម និងដាវ ០១ដើម ធ្វើសកម្មភាពជិៈម៉ូតូ កាន់ដាវអូសកាត់លើថ្នល់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងដកហូតវត្តុតាងខាងលើ យកមកសាកសួរបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ។ បន្ទាប់ពីកម្លាំងជំនាញបានសាកសួរបំភ្លឺ ជនសង្ស័យទាំងពីរនាក់ ក៏បានសារភាពប្រាប់សមត្ថកិច្ចអំពីសកម្មភាពរបស់ខ្លួន ។
បច្ចុប្បន្ននេះ ជនសង្ស័យ និងមធ្យោបាយ ព្រមទាំងវត្ថុតាងត្រូវបានឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដេីម្បីកសាងសំណុំរឿងតាមនីតិវិធីជំនាញ បញ្ចូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ