ខេត្តឧត្តរមានជ័យ ៖ សាហាវណាស់! ករណីប្លន់សម្លាប់ថៅកែលក់គ្រឿងសំណង់យកទ្រព្យសម្បត្តិនៅក្នុងភូមិគោករំដួល ហៅដីថ្មី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ ប៉ុន្តែ«រត់មិនរួចទេសម័យបច្ចុប្បន្ន» ខណៈ ប្រជាពលរដ្ឋមានជំនឿលើសមត្ថកិច្ច » ។
មានករណីចាក់សម្លាប់ប្លន់យកទ្រព្យសម្បត្តិម្ចាស់ដេប៉ូលក់គ្រឿងសំណង់មួយកន្លែង នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
សូមបញ្ជាក់ថា ៖ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់រងគ្រោះរស់នៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានឃាតកចាក់សម្លាប់ជាច្រើនកាំបិត ដើម្បីប្លន់យកទ្រព្យសម្បត្តិមានតម្លៃ នាវេលាទៀបភ្លឺថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ។
សមត្ថកិច្ចក្រុងសំរោងបានថ្លែងថា ម្ចាស់ដេប៉ូលក់គ្រឿងសំណង់មានឈ្មោះ សួស សត្ថា អាយុ៥៥ឆ្នាំ។
តាមការសន្និដ្ឋាន មុនធ្វើសកម្មភាព ឃាតកបានធ្វើការគាស់ទ្វារកញ្ចក់បន្ទប់ខាងមុខការិយាល័យ ហើយក៏ឆ្លងតាមបង្អួចចូលទៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ទើបធ្វើការចាក់ទៅលើជនរងគ្រោះដោយដែកមុតស្រួចត្រង់ចំណុចក និងចុងដង្ហើមខាងមុខចំនួនពីរកាំបិត និងចាក់ខាងក្រោយកញ្ចឹងកចំនួនពីរកាំបិត ព្រមទាំងវាយក្បាលយ៉ាងដំណំ ហើយបានប្រមូលយកវត្ថុមានតម្លៃរួមមាន ខ្សែកមាស ទម្ងន់៥តម្លឹង៥ជីមួយខ្សែ, ចិញ្ចៀនមាសទម្ងន់១តម្លឹង៥ជីមួយវង់, ទូរស័ព្ទអាយហ្វូន១គ្រឿង និងអិនចុចពិលមួយគ្រឿង ព្រមទាំងលុយក្នុងកាបូបមួយចំនួន។
ក្រោយពីធ្វើសកម្មភាពរួច ជនសង័្សយជាឃាតកឈាមស្រស់បានបើករថយន្តរបស់ជនរងគ្រោះម៉ាក តូយូ៉តា CROSS ពណ៌ស ពាក់ស្លាកលេខឧត្តរមានជ័យ2C-1112 យកទៅចតចោលនៅចំណុចភូមិឈូក ម្ដុំភោជនីយដ្ឋានសាច់អាំងទឹកកាពិ ស្ថិតក្នុងក្រុងសំរោង ហើយគេចខ្លួនដោយសុវត្ថិភាព។
លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានអះអាងថា ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីឈានទៅកំណត់មុខសញ្ញា និងឃាត់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់។
ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
គ្មានឱកាសរត់រួចពីសមត្ថកិច្ច ទុកឱ្យអ្នកប្រព្រឹត្តបទល្មើសទេ ខណៈមុខសញ្ញាជាការប្រមាញ់របស់សមត្ថកិច្ចជំនាញ ៕
ដោយ ៖ សិលា