សមយុទ្ធកងទ័ពជើងទឹកកម្ពុជា-ចិន បិទបញ្ចប់នៅថ្ងៃទី២៧នេះ នៅលើនាវាខ្នាតយក្សរបស់ចិន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះបានបិទបញ្ចប់ជាផ្លូវការក្រោមបរិយាកាសប្រកប ដោយភាពជោគជ័យ និងទទួលបានបទពិសោធន៍គ្នាទៅវិញទៅមកយ៉ាងត្រចះត្រចង់នោះ ក្រោយធ្វើសមយុទ្ធរួមគ្នានៅលើលំហរសមុទ្រកម្ពុជារវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករបស់ចិន អស់រយៈពេល១២ថ្ងៃ ក្រោមប្រធានបទ«ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរឹតនាវាដឹកទំនិញ»

សូមបញ្ជាក់ថា ៖ កម្មវិធីបិទនេះ គឺធ្វើឡើងនៅលើនាវាចម្បាំងលេខ៩៨៥របស់ភាគីចិន ដែលកំពុងតែធ្វើការសំចតនៅលើកំពង់ផែស្វយ័តខេត្តព្រះសីហនុរបស់កម្ពុជា ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធកងយោធពលខេមរភូមិន្ទ និងលោកឧត្តមនាវីទោ កៅ សីវឈឹង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីចិន។
កងទ័ពជើងទឹកកម្ពុជា និងចិន បានធ្វើសមយុទ្ធរួមគ្នាដែលមានឈ្មោះថា «សមយុទ្ធកងទ័ពជើងទឹកនាគមាស-ឆ្នាំ២០២៤»នេះគឺជាលើកដំបូង គឺធ្វើឡើងដើម្បីជាការផ្លាស់ប្ដូរបទពិសោធន៍ រក្សាបានកិច្ចការប្រតិបត្តិការ បង្កើនទំនុកចិត្តជាមួយគ្នាកាន់តែរឹងមាំ និងបន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សមយុទ្ធរវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកចិននេះ គឺមានរយៈពេល១២ថ្ងៃ ដែលបានចាប់ផ្ដើមពីថ្ងៃទី១៦ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅលើផ្ទៃសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ។ សមយុទ្ធនេះមានការចូលរួមពីកងទ័ពជើងទឹកកម្ពុជា-ចិនសរុប៧៨២នាក់ នាវាចំនួន១៤គ្រឿង និងឧទ្ធម្ភាគចក្រ២គ្រឿង ក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរឹតនាវាដឹកទំនិញ។
សមយុទ្ធជាលើកដំបូងរវាងកងទ័ពជើងទឹកកម្ពុជា និងចិននេះនឹងត្រួសត្រាយផ្លូវធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង ពិសេសការផ្លាស់ប្តូរពិសោធន៍ ការបង្កើនសមត្ថភាព លើប្រតិបត្តិការប្រើប្រាស់កម្លាំង មធ្យោបាយកងទ័ពជើងទឹក ដើម្បីទប់ទប់ទល់នឹងបញ្ហាប្រឈមនានាដែលបង្ករឡើងដោយក្រុមភេរវកម្ម មួយវិញទៀតសមយុទ្ធនេះនឹងរួមចំណែកក្នុងបុព្វហេតុការពារសន្តិភាពក្នុងតំបន់ជាដើម។
សូមបញ្ជាក់ថា ៖ សមយុទ្ធកងទ័ពជើងទឹក នាគមាស-ឆ្នាំ២០២៤ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន មាន៣ប្រតិបត្តិការ សកម្មភាពចលនារូបភាពនាវា និង៩យុទ្ធវិធីសកម្មភាពរុករកនិងសង្គ្រោះ។ សកម្មភាពចលនារូបភាពទី១ គឺជារូបភាពចលនា នាវាចេញពីកំពង់ផែ ដោយផ្លូវទិស និងល្បឿនមិនកំណត់។ សកម្មភាពចលនារូបភាពទី២ គឺជារូបភាពចលនា នាវាមួយជួរបណ្តោយ។ សកម្មភាពចលនារូបភាពទី២នេះ មាន៣ក្រុមនាវាប្រតិបត្តិការ : ក្រុមទី១ មាននាវាចំនួន២គ្រឿង ជានាវាបម្រើការ។ ក្រុមទី២ មាននាវាចំនួន៦គ្រឿង ជានាវាប្រតិបត្តិការ។ ក្រុមទី៣ អូប័រ RHIB ចំនួន២គ្រឿង ជាក្រុមបម្រើការ និងប្រតិបត្តិការ។ និងសកម្មភាពចលនារូបភាពទី៣ គឺជារូបភាពចលនា នាវប្រតិបត្តិការសកម្មភាពលុករកសង្គ្រោះរំដោះចំណាប់ខ្មាំង។ ប្រតិបត្តិការទី៣នេះ គឺជាសកម្មភាពរុករកសង្គ្រោះរំដោះចំណាប់ខ្មាំង មាន៩យុទ្ធវិធី និងមានវិធីសាស្ត្រតាមលំដាប់លំដោយ។
តាមផែនការសមយុទ្ធកងទ័ពជើងទឹក នាគមាស២០២៤ គឺក្នុងគោលបំណងនៃការធ្វើសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រចាជនចិន នាពេលនេះ គឺដើម្បីធ្វើការហ្វឹកហ្វឺនដកពិសោធន៍ រវាងគ្នាទៅវិញទៅមក លើប្រតិបត្តិការប្រើប្រាស់កម្លាំង មធ្យោបាយ កងទ័ពជើងទឹក កងយោធពល ខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។ ជាមួយគ្នានេះ សមយុទ្ធក៏សំដៅបង្កើនសមត្ថភាព ដែលស្តែងចេញពីការហ្វឹកហ្វឺន អនុវត្តជាក់ស្តែងក្នុងប្រតិបត្តិការរួមគ្នា ។

សូមរំលឹកថា ៖ កាលពីថ្ងៃទី១៦ ខែឧសភា កន្លងទៅ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា ៖ សមយុទ្ធនាគមាសឆ្នាំនេះ មិនត្រឹមតែជាសមយុទ្ធកម្រិតកងទ័ពជើងគោក និងកងទ័ពជើងគោកនៅលើដីគោកប៉ុណ្ណោះទេ តែមានការពង្រីកដល់លម្អសមុទ្រផងដែរ ហើយសមយុទ្ធនាគមាសនេះ នឹងបន្តរីកចម្រើន និងពង្រីកដល់កងទ័ពជើងអាកាស និងបណ្តាប្រភេទទ័ពជំនាញផ្សេងៗទៀតនាពេលអនាគត។
នាយឧត្ដមសេនីយ៍ បានគូសបញ្ជាក់ពីគោលបំណងនៃសមយុទ្ធនាគមាស-២០២៤ គឺដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងទំនុកចិត្តនយោបាយទៅវិញទៅមក បម្រើឱ្យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី និងជំរុញកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពទាំងពីរ។

«សមយុទ្ធនាគមាសបានក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបានរវាងប្រទេសនិងកងទ័ពទាំងពីរកម្ពុជា-ចិន។ សមយុទ្ធនេះផ្តល់សារសំខាន់ដល់ការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមដល់កងទ័ពទាំងពីរ ដូចជាការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក បង្កើនការយល់ដឹងពីការបញ្ជាចម្រុះ និងនីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ»។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន ដែលបានជួយដល់កងយោធពលខេមរភូមិន្ទ ទាំងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសនៅវិទ្យាស្ថានទ័ពជើងគោក ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារអាកាស ប្រព័ន្ធកាំជ្រួចស្វ័យប្រវត្តិ អាវុធធុនធ្ងន់ និងកសាងទីលានបាញ់គ្រាប់ពិតចម្រុះដ៏ទំនើប កម្រិតអន្តរជាតិនៅភ្នំជុំសែនរីករាយ។
នាយឧត្ដមសេនីយ៍ បានបន្តថា កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-ចិន មានការវិវឌ្ឍឥតឈប់ឈរ ធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរត្រូវបានបន្តពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់ «កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដោយការជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា ជួយគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ពាក់ព័ន្ធការធ្វើសមយុទ្ធជាមួយបរទេស នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៥៣ថ្មី បានបញ្ជាក់ច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ និងរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសទាំងអស់នៅលើសកលលោក។ កម្ពុជាមិនឈ្លានពាន និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print