សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានទៅដល់ដែនដីនៃអតីតសហភាពសូវៀត គឺប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ និងបានជួបប្រធានាធិបតី លោក Shavkat Mirziyoyev មុនកិច្ចពិភាក្សាផ្លូវការ។
លោក Mirziyoyev បានទៅទទួល លោក ពូទីន នៅពេលមកដល់រដ្ឋធានីតាស្កិន (Tashkent) ហើយមេដឹកនាំទាំងពីរបានធ្វើដំណើរជាមួយគ្នាក្នុងរថយន្តតែមួយ។ បើតាមរូបថតនិងវីដេអូដែលបង្ហោះនៅលើគេហទំព័រវិមានក្រឹមឡាំង និងដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី លោក ពូទីន បានទៅទស្សនាឧទ្យាន New Uzbekistan ក្នុងរដ្ឋធានីតាស្កិន និងដាក់កម្រងផ្កានៅវិមានឯករាជ្យរបស់អ៊ូសបេគីស្ថាន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា រុស្ស៉ី បើកចំហចំពោះកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់ឧស្ម័នជាមួយអ៊ូសបេគីស្ថាន ហើយលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនៅទីនោះ គឺទូលំទូលាយណាស់។
នេះជាដំណើរទៅក្រៅប្រទេសលើកទី៣ ចាប់តាំងពីលោក ពូទីន ជាប់ឆ្នោតអាណត្តិថ្មីកាលពីខែមីនា។ ប្រទេសដំបូងគេដែលលោកពូទីន បានទៅបំពេញទស្សនកិច្ចគឺចិន និងបន្ទាប់មកគឺបេឡារុស៕ ដោយធីរីណា
រូបថត:Tass