ខេត្តកណ្ដាល៖ ស្ត្រីម្នាក់ ត្រូវបានស្ត្រីម្នាក់ទៀតដែលជាដៃគូរអ្នករកស៊ីជាមួយគ្នាប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនករណីរំលោភលើទំនុកចិត្ត ក្រោយពីស្ត្រីសង្ស័យបានយកគ្រាប់ពេជ្រពីស្ត្រីរងគ្រោះ លក់បន្តទៅឲ្យអ្នកផ្សេង ហើយមិនប្រគល់ប្រាក់ថ្លៃគ្រាប់ពេជ្រនោះទៅឲ្យស្ត្រីរងគ្រោះនោះទេ ។ករណីនេះ បានកើតឡើងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៦និង០០នាទី ចំណុចផ្ទះជនរងគ្រោះភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ុន ណារី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ក្រុមហ៊ុន ។ ជនសង្ស័យឈ្មោះ ទូច លក្ខិណា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។សំភារៈបាត់បង់៖១-ខ្សែកធ្វើអំពើលោហៈធាតុចំនួន៤គ្រឿង ២-កងដៃលោហៈធាតុចំនួន១ឈុត ៣-ខ្សែដៃលោហៈធាតុចំនួន១គ្រឿង ៤-ជញ្ជៀនលោកហៈធាតុចំនួន២វង់ សរុបទឹកប្រាក់ចំនួន២៤០.០០០ដុល្លា(ម្ភៃប្រាំម៉ឺនដុល្លាអាមេរិក)។
ប្រភពដដែលបន្តថា កាលពីអំឡុងឆ្នាំ២០២២ មកដល់ថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ ទូច លក្ខិណា បានទាក់ទងជនរងគ្រោះឈ្មោះហ៊ុន ណារី និងប្តីជនរងគ្រោះឈ្មោះ យ៉ុម ជំនិត ប្រាប់ថាមានអតិថិជនចង់កម្មង់ទិញគ្រាប់ពេជ្រជាច្រើនគ្រាប់ និងគ្រឿងអលង្ការមួយចំនួនពីជនរងគ្រោះ ហើយបានអោយកូនចៅមកយកគ្រាប់ពេជ្រនិងគ្រឿងអលង្ការទាំងនោះពីជនរងគ្រោះ ដើម្បីអោយអតិថិជនមើលសិនមុននិងគេទូរទាត់ប្រាក់ ដោយទុកចិត្តជាអ្នកធ្លាប់រកស៊ីជាមួយគ្នាពីមុនមក ក៏បានប្រគល់គ្រាប់ពេជ្រ និងគ្រឿងអលង្ការទៅអោយជនសង្ស័យឈ្មោះ ទូច លក្ខណា ដើម្បីយកទៅអោយអតិថិជន។ក្រោយមកក៏ជនសង្ស័យឈ្មោះ ទូច លក្ខិណា មិនឃើញយកប្រាក់ដែលបានពីការលក់គ្រាប់ពេជ្រ និងគ្រឿងអលង្ការមកប្រគល់អោយជនរងគ្រោះវិញទេ។ជនរងគ្រោះបានទាមទារគ្រាប់ពេជ្រ និងគ្រឿងអលង្ការពីជនសង្ស័យឈ្មោះ ទូច លក្ខិណា មកវិញ ប៉ុន្តែមិនព្រមប្រគល់មកអោយជនរងគ្រោះវិញទេ ទើបនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣និង០០នាទី ក៏ជនរងគ្រោះបានយកជនសង្ស័យឈ្មោះ ទូច លក្ខិណា មកប្រគល់អោយអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីតែម្តង។
តាមការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកគ្រាប់ពេជ្រ និងគ្រឿងអលង្ការពីជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕