ខេត្តកំពង់ស្ពឺ៖ អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្ត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបល្មើស កងរាជអាវុធហត្ថខេត្ត និង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចុះបង្រ្កាបទីតាំងជួញដូរគ្រឿងញៀន ផ្តល់ទីតាំងឱ្យប្រើប្រាស់គ្រឿងញៀន និងទីតាំងកែច្នៃម៉ូតូទទួលផលចោរកម្ម ០២កន្លែងនៅភូមិសំណង់ សង្កាត់រកាធំ និងភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ដោយបានធ្វើការស៊ើបអង្កេតដោយកំណត់បានមុខសញ្ញាយ៉ាងច្បាស់ ធ្វើការចាប់ផ្តើមបង្ក្រាប និងឆែកឆេរនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ជាលទ្ធផលទទួលបានទីតាំងទី១ ស្ថិតនៅភូមិ ស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រកឃើញម្សៅពណ៌សជាសារធាតុញៀនK មួយកញ្ចប់ធំ ទម្ងន់ ៥៦៣,៧៤ក្រាម, ម៉ូតូចំនួនបួនគ្រឿង ក្នុងនោះមានម៉ូតូ៣គ្រឿងគ្មានស្លាកលេខ។ ស្លាកលេខមួយដែលបានដោះរួច រួមជាមួយសម្ភារៈជាបំណែកម៉ូតូជាច្រើនទៀត ដែលបានដោះបំបែកបំបាត់ដាន។ បានធ្វើការឃាត់មនុស្សក្នុងទីតាំងខាងលើចំនួន ០៦នាក់ ស្រី០២នាក់។
ទីតាំងទី២ ស្ថិតនៅភូមិ ស្ថិតនៅភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រកឃើញម្សៅពណ៌សជាសារធាតុញៀនម៉ាទឹកកក ១០កញ្ចប់ ទម្ងន់៤៥,៥៦ក្រាម ម៉ូតូចំនួន ១គ្រឿងគ្មានស្លាកលេខ រួមជាមួយសម្ភារៈជាបំនែកម៉ូតូជាច្រើនទៀត រួមជាមួយឧបករណ៌កាច់សោរកម៉ូតូប្រដាប់ផ្សារផ្តាច់ និងសម្ភារៈជាច្រើនទៀត និងឃាត់ខ្លួនជនសង្ស័យចំនួន ០៥ រូប។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ និងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងររាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ និងបន្តការស្រាវជ្រាវបន្ថែមទៀត៕