ខេត្តសៀមរាប៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន៣នាក់ ឈ្មោះ ស៊ឹង ម៉េងលី ឈ្មោះ ភន់ ចិត្ត្រា និងឈ្មោះ សឿន ប៊ុនធី ពីបទល្មើសខាងលើ តាមមាត្រា២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ! ។
ជាក់ស្ដែងយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មានជនត្រូវចោទចំនួន៩នាក់ មានខ្លួន៣នាក់ ឈ្មោះ ស៊ឹង ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ ឈ្មោះ ភន់ ចិត្ត្រា ភេទប្រុស អាយុ ១៨ឆ្នាំ និងឈ្មោះ សឿន ប៊ុនធី ភេទប្រុស អាយុ១៨ឆ្នាំ និងគេចខ្លួន៦នាក់ ត្រូវបានចោទប្រកាន់ពីបទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (កាប់នឹងកាំបិតកែច្នៃ) និងបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤។
ជាមួយគ្នានេះ នៅថ្ងៃដដែលនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ក៏បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ ឈ្មោះ ភន់ ចិត្ត្រា ពីបទល្មើសខាងលើ តាមមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។
ដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាបមួយទៀត ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មានជនត្រូវចោទចំនួន៣នាក់ មានខ្លួន១នាក់ ឈ្មោះ ភន់ ចិត្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ និងគេចខ្លួន២នាក់ ត្រូវបានចោទប្រកាន់ពីបទល្មើសធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤៕ដោយ៖តារា