ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះថា៖ ក្នុងរយៈពេល០៤ថ្ងៃមកនេះ កម្លាំងនគរបាលក្នុងរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងធ្វើសកម្មភាពកាប់ចាក់គ្នា និងដើរអុកឡុកក្នុងភូមសាស្ត្ររាជធានីភ្នំពេញ ហើយក៏បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ផងដែរ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានថ្លែងបន្តថា ជាក់ស្ដែងគិតចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់បើកប្រតិបត្តិការក្តៅ និងជាការឆ្លើយតបបទបញ្ជារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដល់ថ្ងៃទី២៦ ខែឆ្នាំដដែល សមត្ថកិច្ចបានបង្ក្រាបបានសកម្មភាពក្រុមក្មេងទំនើងសរុប ១០ករណី និងបានឃាត់ក្មេងទំនើងជាច្រើនក្រុម ដែលមានមនុស្សសរុប៤៥នាក់ ដោយបានធ្វើការដកហូតវត្ថុតាងបទល្មើស មានដាវ ដុំថ្ម និងកាំបិតជាច្រើនដើម ពីក្រុមក្មេងទំនើងខាងលើ ក្រោយពេលបង្ក្រាបបាន រួមជាមួយម៉ូតូជាច្រើនគ្រឿងផងដែរ ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា ក្រុមក្មេងទំនើងទាំង៤៥នាក់ គឺជាប់ពាក់ព័ន្ធ នឹងការប្រើប្រាស់ហិង្សាដោយការកាប់ចាក់គ្នាទៅវិញទៅមក និងការរក្សាទុកដាវកាំបិតក្នុងខ្លួន ឬក្នុងមធ្យោបាយធ្វើដំណើរដោយខុសច្បាប់គ្មានការអនុញ្ញាត្តិ ។
សូមជម្រាបជូនថា កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅតែបន្តប្រតិបត្តិការក្តៅរគគុករបស់ខ្លួនក្នុងការចុះពង្រាយកម្លាំងចេញល្បាតពួនស្ទាក់គ្រប់ច្រកល្ហកទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកើតមានឡើងរបស់ក្រុមក្មេងទំនើង ដែលបានបង្កភាពអសន្តិសុខ និងអាណាធិបតេយ្យនៅក្នុងសង្គមជាតិ ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ក៏បានបង្ហាញក្តីពេញចិត្ត និងសាទរបំផុតចំពោះចំណាត់ការរបស់សមត្ថកិច្ច ក្នុងការបង្ក្រាបសកម្មភាពក្រុមក្មេងទំនើង ដែលតែងតែធ្វេីសកម្មភាពវាយតប់គ្នានៅតាមដងផ្លូវសាធារណៈបង្កជាក្តីព្រួយបារម្ភ និងភ័យខ្លាចដល់ពួកគាត់ ពិសេសគឺបង្កភាពអសន្តិសុខ ប៉ះពាល់ដល់សង្គម ។ ជាពិសេសប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានចេញបទបញ្ជាម៉ឺងម៉ាត់ ដល់កម្លាំងនគរបាល ឱ្យមានការអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់លើបញ្ហាក្មេងទំនើងនេះផងដែរ៕ដោយ៖អារុណរះ