ខេត្តស្វាយរៀង: លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជអធិបតីក្នុងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩.៣៤៩ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិថ្មី ភូមិសណ្ដោ ភូមិត្រពាំងស្មាច់ ភូមិដក់ព ភូមិព្រែករមៀត ភូមិខ្ពបត្រាច ឃុំជ្រៃធំ និងភូមិប្រមាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
លោក ប៉េងពោធ៏សា អភិបាលខេត្តមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ដាក់ចេញនូវ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយនៅក្នុងគោលនយោបាយអភិវឌ្ឍតាមវិស័យ ក្នុងនោះក៏បានផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ឲ្យកាន់ តែសកម្ម និងស៊ីជម្រៅ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឲ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ ការចុះបញ្ជីដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌឲ្យបានចប់សព្វគ្រប់ជាស្ថាពរនៅក្នុងអាណត្តិទី៧នេះ។
លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញ ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា នាពេលនេះ ដែលអាចនិយាយបានថា ប្រសិនបើគ្មានការរួមចំណែក និងចូលរួមលះបង់ទាំងនេះ យើង ពិតជាមិនអាចឈានទៅសម្រេចបានលទ្ធផលដូចជាពេលនេះបានឡើយ ។
លោក អភិបាលខេត្ត បាន ថ្លែងនូវការចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាឱកាសនេះ និងសូមស្នើដល់បងប្អូនត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឯកសារនេះឲ្យបានត្រឹមត្រូវ ប្រើប្រាស់បានចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរ ហើយក៏សូមឲ្យមន្ទីរ-អង្គភាព និងអាជ្ញាធរដែលមានការពាក់ព័ន្ធ សូមបន្តចូលរួមសហការគាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លី ដែលនៅសេស សល់ទាំងនៅក្នុងស្រុករមាសហែកយើងនេះ ប្រមាណជាង ៩ម៉ឺនក្បាលដី និងនៅក្នុងក្របខ័ណ្ឌខេត្តទាំងមូលដែលនៅសល់តាមការប៉ាន់ស្មាន ចំនួន១៨៤.៩២៣ក្បាលដី ឲ្យទទួលបានលទ្ធផលកាន់តែជោគជ័យ មានប្រសិទ្ធភាព និងសម្រេចបានទាន់ពេលវេលា ឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីតាមផែនការដែលបានកំណត់ ។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងបានបញ្ចេញនូវមន្ត្រីជំនាញ និងមានការចូលរួមពីនិស្សិតស្ម័គ្រចិត្ត កំពុងធ្វើយុទ្ធនាការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឲ្យមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុច្បាស់លាស់ និងអាចប្រើប្រាស់ក្នុងកិច្ចការងារផ្សេងៗបានស្រួល និងក៏ជាការឆ្ពោះទៅ នៃការបញ្ចប់នូវទំនាស់ដីធ្លីផងដែរ។
លោក សាយ សំអាល់ បានគូសបញ្ជាក់ថា ដើម្បីឲ្យការងារនេះសម្រេច និងទទួលជោគជ័យទៅបាន គឺត្រូវតែមានការចូលរួម និងសហការពីប្រជាពលរដ្ឋ ដែលជាអ្នកពាក់ព័ន្ធឲ្យបានគ្រប់ៗគ្នា ព្រោះការងារចុះបញ្ជីដីធ្លីឲ្យបានច្បាស់លាស់នេះ សុទ្ធសឹងតែដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕