ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះថា៖ យុវជន ០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ឃាត់ខ្លួនក្រោយធ្វើការឆែកឆេរប្រទះឃើញមានដែកឆាបចុងស្រួចចំនួន ០២ដេីម សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំរួមដោយ លោកវរសេនីយ៍ត្រី ហ៊ាង ដារ៉ា អនុប្រធានមន្ទីរ នៅវេលាម៉ោង២២ និង១៥នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ចេញប្រតិបត្តិការល្បាតចល័តតាមដងផ្លូវក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញា ស្វែករកបទល្មើស បង្ការ ទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពក្រុមក្មេងទំនើង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ក្នុងនោះសមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យឆែកឆេរយុវជនជិះម៉ូតូមួយក្រុម ចំនួន ០៤នាក់ ម៉ូតូ ០២គ្រឿង ដែលប្រមូលផ្ដុំគ្នា ក៏ប្រទះឃើញមានដែកឆាបចុងស្រួច ចំនួន ០២ដេីម នៅចំណុចភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
បច្ចុប្បន្នកម្លាំងជំនាញ បាននាំខ្លួនក្រុមយុវជនខាងលើ រួមនឹងវត្ថុតាង មកកាន់បញ្ជាការដ្ឋាន អ.ហ ខេត្ត ដើម្បីសាកសួរបន្តនិតីវិធី៕ដោយ៖តារា