កម្ពុជាវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសមយុទ្ធលើលំហសមុទ្រ ជាមួយ ចិន

ចែករំលែក៖

ភ្នំពេញ ៖ សមយុទ្ធកងទ័ពជើងទឹកលើកដំបូង «នាគមាស-២០២៤» រវាងកម្ពុជា-ចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» ដែលធ្វើឡើង នៅលើផ្ទៃសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ រយៈពេល១២ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយ កាលពីថ្ងៃចន្ទ។ នេះគឺជាផ្នែកមួយនៃ សមយុទ្ធនាគមាស លើកទី៦ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលគ្រោងនឹងបិទបញ្ចប់ ជាផ្លូវការ នៅថ្ងៃទី៣០ ខែឧសភា។

សមយុទ្ធកងទ័ពជើងទឹក «នាគមាស-២០២៤» មានការចូលរួមពីយោធាប្រទេសទាំងពីរ សរុប៧៨២នាក់ ប្រើប្រាស់នាវាចំនួន ១៤គ្រឿង ឧទ្ធម្ភាគចក្រចំនួន ០២គ្រឿង នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ដែលចាប់ជំរិតនាវាដឹកទំនិញ។ 

ក្នុងពិធីបិទបញ្ចប់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានគណៈកម្មការលំហាត់ និងធ្វើសមយុទ្ធជាមួយបណ្ដាប្រទេសជាមិត្ត  បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃការធ្វើសមយុទ្ធលើលំហសមុទ្រលើកដំបូង រវាងកងទ័ពប្រទេសទាំងពីរ។ ប្រភពថា  តាមរយៈសមយុទ្ធលើលំហសមុទ្រនេះបានបង្កើនសមត្ថភាពកងទ័ពជើងទឹកកម្ពុជា ជាក់ស្តែងសមយុទ្ធនេះកងទ័ពជើងទឹកកម្ពុជា ជាអ្នកបញ្ជាទាំងអស់ រួមទាំង ការចេញទៅរំដោះចំណាប់ខ្មាំង និងការប្រើប្រាស់កម្លាំងផ្សេងៗ ជាដើម។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សមយុទ្ធនាគមាស លើផ្ទៃសមុទ្ររវាងកងទ័ពទាំងពីរ នឹងធ្វើឱ្យកងទ័ពជើងទឹកម្ពុជា កាន់តែមានសមត្ថភាពបន្ថែមទៀត ដើម្បីការពារដែនសមុទ្រ និងបរណភាពទឹកដីកម្ពុជា ពីការឈ្លានពានណាមួយពីបច្ចាមិត្ត។ ចំពោះកិច្ចការពារលំហសមុទ្រ គឺជារឿងសំខាន់សម្រាប់កងទ័ពជើងទឹកកម្ពុជា ដូច្នេះការពង្រឹងសមត្ថភាពកងទ័ពជាកិច្ចការងារមួយចាំបាច់ត្រូវតែធ្វើ។

 «ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នា ទៅវិញទៅមក ព្រោះប្រទេសនីមួយៗតែងតែមានការប្រទាក់ក្រឡាគ្នា»៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print