ភ្នំពេញ ៖ ទង្វើបំផ្លាញបរិស្ថាន តើអាជ្ញាធរ និងសមត្ថកិច្ចអាចមានលទ្ធភាព រកឃើញដើម្បីចាត់វិធានការទេ ?
«ទីក្រុងស្អាត បរិស្ថានល្អ ប្រកបដោយ ផាសុកភាព កើតចេញពីយើងម្នាក់ៗ »។ ក្នុងករណីនេះ អាជ្ញាធរ ខណ្ឌដូនពេញចាត់វិធានការហើយ ! ដោយបង្ហោះលើផេកផ្លូវការថា ៖ ក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គមពីគណនីហ្វេសបុកឈ្មោះ Buntha Chheang រួចមក… ! នៅព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញ ម្ចាស់ទូកកាណូតទេសចរណ៍ដែលមានឈ្មោះ បុប្ផាអង្គរ មកសាកសួរ ហើយម្ចាស់ទូកខាងលើ បានអះអាងទទួលស្គាល់ថាពិតជាបានបោះចោលសំរាមចូលក្នុងទន្លេពិតប្រាកដមែន។
បន្ទាប់ពីបានធ្វើការសាកសួរ រួចមក រដ្ឋបាលខណ្ឌបានសម្រេចដូចខាងក្រោម ÷
១-អប់រំណែនាំដល់ម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ឱ្យយល់ច្បាស់ពីច្បាប់ស្តីពីបរិស្ថាន។
២-ផាកពិន័យម្ចាស់ទូកកាណូតទេសចរណ៍ខាងលើ ជាទឹកប្រាក់ចំនួន ២០០,០០០រៀល តាមជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន។
៣-បញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ បុប្ផាអង្គរ ជាស្ថាព័រចាប់ពីថ្ងៃនេះតទៅ។
រដ្ឋបាលខណ្ឌដូនពេញ សូមអរគុណដល់ម្ចាស់គណនី Buntha Chheang ដែលបានបង្ហោះ ក្នុងន័យដើម្បីថែរក្សាដល់បរិស្ថានរបស់យើង ។ បរិស្ថានស្អាតផ្តើមចេញពីការចូលរួមយើងទាំងអស់គ្នា ៕