ភ្នំពេញ ៖ មូលនិធិគន្ធបុប្ផាកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សាធារណជន សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា, មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំ យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា រយៈពេល ១ ខែពេញ ដោយ ចាប់ផ្តើមពី ថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែល លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើក យុទ្ធនាការនេះ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។
ជាសារបាន, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ ទិវាកុមារ អន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ទោះតិចក្តី ច្រើនក្តី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា។ នាពេលកន្លងមក, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ទទួលបានការគាំទ្រយ៉ាង ផុសផុល ទាំងក្នុងទិដ្ឋភាពថវិកា និងអ្នកចូលរួម ដើម្បីធានានិរន្តរភាពរបស់ មន្ទីរពេទ្យគន្ធបុប្ផា ដែលជា មន្ទីរពេទ្យជាតិដែលបាន និងកំពុងពិនិត្យ និងព្យាបាលទារក និងកុមាររាប់លានករណី ជាមួយនឹង ចំណាយថវិកាប្រចាំឆ្នាំចំនួនប្រមាណ ៤០ លានដុល្លារអាម៉េរិក។
សេចក្តីដូចបានជម្រាបជូនខាងលើ, មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជន, សប្បុរសជន, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, ធនាគារដៃគូ, តារាសម្តែង និងបុគ្គលមាន ប្រជាប្រិយភាព ព្រមទាំងអង្គភាពសារព័ត៌មាននានា រួមទាំងទំព័រហ្វេសប៊ុក, ឆាណែលតេលេក្រាម, វិទ្យុ, និងទូរទស្សន៍ទាំងអស់មេត្តាចូលរួមផ្សព្វផ្សាយអំពីយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤ សម្រាប់ កុមារកម្ពុជា ឱ្យបានទូលំទូលាយ និងកាន់តែសកម្ម ដើម្បីឱ្យចលនានៃការបរិច្ចាគកាន់តែផុសផុល ៕