ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ បញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា បង្ហាញនូវចក្ខុវិស័យក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ប្តេជ្ញាចិត្តខ្ពស់ចំពោះប្រតិបត្តិការ រក្សាសន្តិភាព រួមចំណែកជាមួយរដ្ឋសមាជិក សហគមន៍អន្តរជាតិ និងសង្គមស៊ីវិលក្នុងការស្វែងរកសន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិប្រកបដោយចីរភាព ផ្តល់ការគាំទ្រ តាមសំណូមពរជាក់ស្តែងរបស់អង្គការសហប្រជាជាតិ ស្របនឹងកាលៈទេសៈ និងបរិបទសកលនាពេលបច្ចុប្បន្ន ។
ការបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា ធ្វើឡើងនៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍ រួមជាមួយលោក ចូសិប ស៊ូអើ (Joseph Scheuer) អ្នកសម្រប សម្រួល (អ.ស.ប) ប្រចាំកម្ពុជា រៀបចំខួបលើកទី ៧៦ ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ការកសាងរួមគ្នាកាន់តែប្រសើរសម្រាប់អនាគត” និងការគោរពវិញ្ញាណក្ខន្ធកងកម្លាំងរក្សាសន្តិភាព ដែលពលីជីវិតក្នុងបុព្វហេតុបំពេញ បេស កកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) ខេត្តកំពង់ស្ពឺ ។
នាយឧត្តមសេនីយ៍ ទៀ សីហា លើកឡើងទៀតថាៈ ចំពោះកម្ពុជា ការប្រារព្ធទិវាឆ្នាំនេះ ធ្វើឱ្យប្រជាជនកម្ពុជានឹកឃើញអំពីគុណតម្លៃនៃ “សន្តិភាព” ដែលកម្ពុជាសម្រេចបានដោយលំបាក ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកនៅបន្តច្បាំងគ្នា និងបង្កការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ និងអាយុជីវិតប្រជាជន” គួរឲ្យអាសូរ ។ ជាការពិត ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក ទោះបីកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅតែចងចាំ និងដឹងគុណជានិច្ច និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជា ជាតិ ដែលបានបញ្ជូនកងរក្សាសន្តិភាព”កងទ័ពមួកខៀវ”មកស្វែងរកសន្តិភាពនៅកម្ពុជា នាំឱ្យកម្ពុជាមានថ្ងៃនេះ ។
រដ្ឋមន្ត្រីការពារជាតិ រំលឹកថាៈ ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជូនកងទ័ពមួកខៀវ ទៅស្វែងរកសុខសន្តិភាពនៅបណ្តាប្រទេសលើពិភពលោក ដែលជួបទុក្ខលំបាកតាំងពីឆ្នាំ ២០០៦ រហូតមកដល់ឆ្នាំ២០២៤”១៨ឆ្នាំ” កម្ពុជាបញ្ជូនកងកម្លាំងចំនួន ៩,៥៧០នាក់ ក្នុងនោះស្ត្រី៨១៨នាក់ ទៅបំពេញបេសកកម្មចំនួន ១២ ចំនួន ១០ ប្រទេស នៅតំបន់អាហ្វ្រិក មជ្ឈឹមបូព៌ា និង អឺរ៉ុប។ បច្ចុប្បន្ន កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន ៦៣៩នាក់ មានស្ត្រី ១២៥នាក់ ស្មើនឹង ១៩% កំពុងបំពេញបេសកកម្មចំនួន៦ នៅ៥ ប្រទេសកំពុងជួបវិបត្តិ ដើម្បីកសាងរួមគ្នាឱ្យកាន់តែប្រសើរឡើង សម្រាប់អនាគតការអភិវឌ្ឍសេដ្ឋកិច្ច នីតិរដ្ឋ សិទ្ធិស្ត្រី សិទ្ធិមនុស្ស សុខភាព និងការអប់រំជាដើម។
“កម្ពុជាមិនត្រឹមតែគិតគូរពីសុខទុក្ខរបស់ប្រជាជាតិខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកគិតគូរពីសុខទុក្ខដល់ប្រជាជាតិដទៃ ទៀត នៅលើពិភពលោកផងដែរ ។ កម្ពុជា ក្លាយជាគ្រួសាររបស់អង្គ ការសហប្រជាជាតិ ជាសមាជិកប្រជាជនទូទាំងពិភពលោក ជាប្រទេស ស្នេហាសន្តិភាព ស្រឡាញ់សន្តិភាព ប្រទេសតូចមានទឹកចិត្តមនុស្សធម៌ទូលំទូលាយ និងឆន្ទៈខ្ពស់ជាមួយបណ្តាប្រទេសបរិច្ចាគកម្លាំង ក្រោមឆត្រអង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើពិភពលោក”។ នេះជាការលើកឡើងបន្ថែមរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា។
បើតាមអ្នកសម្រប សម្រួល UN ប្រចាំកម្ពុជា បានបញ្ជាក់ថាៈ ការ ចូលរួមរបស់យោធិនកម្ពុជា ក្នុងប្រទេសកំពុងហួងហែងដោយសារភ្លើងសង្គ្រាម បញ្ជាក់ឡើងវិញនូវការតាំងចិត្តរបស់កម្ពុជា ចំពោះការប្រកាន់ខ្ជាប់នូវស្មារតីធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងសហគមន៍យុទ្ធសាស្ត្ររួមគ្នាដើម្បីរក្សាសន្តិភាព និងអនាគតដ៏ល្អប្រសើរទាំងអស់គ្នា ។
លោក ចូសិប ស៊ូអើ គូសបញ្ជាក់ថាៈ”សន្តភាព គឺជាចក្ខិវិស័យដ៏ថ្លៃថ្នូរ និងជាការងារមួយដែលទាមទារការតាំងចិត្ត ការលះបង់ និងភាព រឹង មាំដើម្បីសម្រេចបាន ។ ការរក្សាសន្តិភាព គឺជាឧបរកណ៍សំខាន់មួយនៅក្នុងកិច្ចការប្រឹងប្រែងនេះ និងជាការបង្ហាញឱ្យឃើញថាជាធាតុសំខាន់មួយក្នុងការវិនិយោគក្នុងសន្តិភាព សន្តិសុខ និងវិបុល ភាពពិភពលោក”៕
ដោយ ៖ សិលា