ខេត្តបន្ទាយមានជ័យៈ ក្មេងទំនើង៣នាក់ត្រូវនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួននៅពេលយប់កំពុងជិះម៉ូតូកាន់ដាវដេញកាប់គ្នា បន្ទាប់ពីសមត្ថកិច្ចចុះល្បាតដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម
នៅវេលាម៉ោង២២និង៣០នាទីថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៤ ។ កម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែតបានប្រាប់ថាៈនគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារបានល្បាតក្នុងភូមិសាស្ត្រនៅចំណុចបុរី ទៀ ឆាយហាក់ ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញក្មេងទំនើងចំនួន៣នាក់ជិះម៉ូតូ០១គ្រឿងគួរអោយសង្ស័យ នគរបាលយើងក៏ឃាត់ធ្វើការត្រួតពិនិត្យ ហើយរកឃើញកាំបិតចំនួន០២ដើម កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន១ ដែកកេះ១ បំពង់ទុយយោ១ ភ្លាមនោះក្មេងទំនើងទាំង៣នាក់ត្រូវបាននាំយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត។
នគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្មេងទំនើងទាំង៣នាក់ដែលត្រូវឃាត់ខ្លួននោះរួមមាន៖ ១-ឈ្មោះ វង្ស រស្មី ភេទ ប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានមុខរបរមិនពិតប្រាកដ។ ២-ឈ្មោះ ដូច សុភ័ក្រ្ត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត អ្នកស៊ីឈ្នួលដឹកបាយ។ ៣-ឈ្មោះ ថន ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានមុខរបរមិនពិតប្រាកដ។
នៅចំពោះមុខសមត្ថកិច្ចសួរនាំ ក្មេងទំនើងទាំង៣នាក់បានឆ្លើយសារភាពថា ក្រុមរបស់ខ្លួនកំពុងអង្គុយលេងនៅចំការដូង បុរីទៀ ឆាយហាក់ ស្រាប់តែមានក្មេងស្ទាវមួយក្រុមជិះម៉ូតូ៥ទៅ០៦គ្រឿង មានគ្នាប្រហែលជិត២០នាក់ និងប្រដាប់ដោយកាំបិតមួយដើម ពួកនោះបានដើរមកក្បែរក្រុមខ្លួនដោយនិយាយថា ពួកអ្ហែងនិយាយឮខ្លាំងម៉េះ ប្រយ័ត្នអញយកកាំបិតពុះក្បាលពួកអ្ហែង ។ ពេលនោះពួកខ្លួនបានជិះម៉ូតូទៅយកកាំបិតចំនួន២ដើម ដើម្បីមករកក្រុមទាំងនោះធ្វើការសងសឹក តែត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនសួរនាំតែម្តង។
ក្មេងទំនើងទាំង៣នាក់ ត្រូវបានបញ្ជូនបន្តទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដើម្បីសួរនាំបន្តនិងចាត់ការតាមនីតិវិធីច្បាប់៕វណ្ណា