លោកអភិសន្តិបណ្ឌិត ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាសគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចនៅបាតទន្លេ និងសមុទ្រ

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សានិងបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេនិងសមុទ្រ ដើម្បីចុះសិក្សានិងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេនិងសមុទ្រ។

កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេនិងសមុទ្រ ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល អង្គភាពស៊ីម៉ាក់ អង្គភាពកំពង់ផែស្វយ័តភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តពាក់ព័ន្ធមួយចំនួនទៀត។

លោកអភិសន្តិបណ្ឌិតបានវាយតម្លៃខ្ពស់ និងសម្តែងនូវការកោតសរសើរក្រុមការងារ ជាពិសេសកងកម្លាំងប្រតិបត្តិការផ្ទាល់ ដែលមានកងកម្លាំងនៃអង្គភាពអិនភីម៉ិច អង្គភាពស៊ីម៉ាក់ បញ្ជាការដ្ឋានទ័ពពិសេស៩១១ កងកម្លាំងនគរបាលជាតិ ដែលលះបង់កម្លាំងកាយ កម្លាំងចិត្ត ពុះពារគ្រប់ឧបសគ្គ ចុះមុជទឹកក្នុងបាតទន្លេដើម្បីរាវរកគ្រាប់ និងបីគ្រាប់ឡើងពីបាតទន្លេប្រកបដោយជោគជ័យជាបន្តបន្ទាប់។

យោងតាមរបាយការណ៍ ក្រុមការងារបានសិក្សាស្រាវជ្រាវនូវទីតាំងនាវាដឹកគ្រាប់ដែលលិចតាមដងទន្លេមេគង្គ តាមដងទន្លេនានា និងក្នុងសមុទ្រជាច្រើនទីតាំង ក្នុងនោះបានបញ្ចប់ដោយជោគជ័យនៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយស្រង់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ១០៩.១០៤គ្រាប់ ស្មើនឹង ១៦តោន នាវាចម្បាំង១គ្រឿង និងវត្ថុតាងមួយចំនួនទៀត។ 

ក្រុមការងារក៏បាននិងកំពុងបន្តប្រតិបត្តិការនៅទីតាំងឃុំកោះចេក ស្រុមពាមជរ ចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន នៅទីតាំងក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង និងឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ដោយរុករកឃើញនិងស្រង់គ្រាប់យុទ្ធភ័ណ្ឌចំនួន២៣.៧២២គ្រាប់ ស្មើនឹង២០២,៥៩តោន បំណែកដែកនាវា ព្រមទាំងអំបែងយុទ្ធភ័ណ្ឌសង្គ្រាម ទម្ងន់ ២៥,៤៩តោន។

ក្នុងឱកាសនោះដែរ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់ពីការត្រៀមដឹកនាំប្រតិភូអន្តរក្រសួង ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្ដែងដែលនឹងប្រតិបត្តិការនាពេលខាងមុខ និងបានណែនាំក្រុមការងារបន្តយកចិត្តទុកដាក់ស្រាវជ្រាវទីតាំងថ្មីៗបន្ថែមទៀត ព្រមទាំងបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុវត្ថិភាពក្រុមប្រតិបត្តិការ ទាំងការស្រង់ប្រមូលមកលើគោក ការដឹកជញ្ជូន និងការសម្អាត៕ ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print