មនុស្សម្នាក់បានស្លាប់បន្ទាប់ពីធ្លាក់ចូលក្នុងម៉ាស៊ីនរបស់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងមុនពេលហោះហើរពីព្រលាន Schiphol ក្នុងទីក្រុង Amsterdam ប្រទេសហុល្លង់។
ប្រភពពីប៉ូលិសបានប្រាប់ Telegraph ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅរសៀលថ្ងៃទី 29 ខែឧសភា នៅពេលដែលជើងហោះហើរ KLM Cityhopper ហៀបនឹងហោះទៅកាន់ទីក្រុង Billund ប្រទេសដាណឺម៉ាក។ នៅពេលនោះ យន្តហោះពោរពេញដោយអ្នកដំណើរ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិហុល្លង់ KLM បានប្រកាសថា “ថ្ងៃនេះមានឧបទ្ទវហេតុមួយបានកើតឡើងនៅអាកាសយានដ្ឋាន Schiphol ដែលមនុស្សម្នាក់បានធ្លាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ។ គួរឱ្យសោកស្តាយណាស់ដែលមនុស្សនោះបានស្លាប់” ។ KLM មិនបានបង្ហាញពីអត្តសញ្ញាណជនរងគ្រោះទេ។
សាក្សីបាននិយាយថា មានសំឡេងដ៏គួរឱ្យរន្ធត់ ហើយមានផ្សែងហុយចេញពីម៉ាស៊ីនភ្លាមៗ។
ក្រោយពេលកើតហេតុ អ្នកដំណើរស្ទើរតែចាកចេញពីយន្តហោះភ្លាមៗ ហើយទទួលបានការផ្តល់ជំនួយ ដោយសារតែសោកនាដកម្មរបស់វា។ យន្តហោះដែលពាក់ព័ន្ធ គឺជាយន្តហោះ Embraer ដំណើរការដោយ KLM នៅលើផ្លូវខ្លី។ រូបភាពដែលចេញផ្សាយដោយស្ថានីយទូរទស្សន៍ NOS បង្ហាញពីយន្តហោះដែលហ៊ុមព័ទ្ធដោយរថយន្តពន្លត់អគ្គិភ័យនិងរថយន្តសង្គ្រោះ។
កាលពីយប់មិញ ក្រុមប្រឹក្សាសុវត្ថិភាពហុល្លង់បានបញ្ជូនអ្នកស៊ើបអង្កេតបីនាក់ទៅកាន់អាកាសយានដ្ឋាន Schiphol ។ អ្នកត្រួតពិនិត្យស្តង់ដារនៅកន្លែងធ្វើការក៏ត្រូវបានក្រសួងការងារបញ្ជូនមកផងដែរ ដើម្បីផ្ទៀងផ្ទាត់ថាតើនេះជាការធ្វើអត្តឃាត ឬគ្រោះថ្នាក់នៅកន្លែងធ្វើការ។
វិធានការសុវត្ថិភាពនិងសន្តិសុខនៅ Schiphol មានភាពតឹងរ៉ឹង ហើយគ្រោះថ្នាក់គឺកម្រមាននៅអាកាសយានដ្ឋានដ៏មមាញឹកដែលបានគ្រប់គ្រងអ្នកដំណើរប្រហែល 5.5 លាននាក់កាលពីខែមុន នេះបើយោងតាមទិន្នន័យអាកាសយានដ្ឋាន។
អាកាសយានដ្ឋាននេះមានចម្ងាយប្រហែល 8 គីឡូម៉ែត្រពីទីក្រុង Amsterdam គឺជាព្រលានយន្តហោះដែលមមាញឹកបំផុតទីបីនៅអឺរ៉ុប៕ ដោយធីរីណា
រូបថត:Daily Mail