ចាប់តាំងពីខែធ្នូមក ភ្នំភ្លើងនៅប្រទេសអុីស្លង់បានផ្ទុះ៥លើកបង្កក្តីបារម្ភនិងការជម្លៀសប្រជាជន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថា ភ្នំភ្លើងមួយនៅភាគនិរតីនៃប្រទេសអុីស្លង់បានផ្ទុះឡើងជាលើកទី៥ ចាប់តាំងពីខែធ្នូមក ដោយបានបញ្ចេញកម្អែភ្នំភ្លើងក្តៅដែលមានកម្ពស់រហូតដល់៥០ម៉ែត្រឡើងទៅលើអាកាសនៅថ្ងៃពុធនេះ បន្ទាប់ពីការផ្ទុះមុន រយៈពេល៨សប្តាហ៍នៅលើឧបទ្វីប Reykjanes ដដែលនេះបានបញ្ចប់។

អាជ្ញាធរបានព្រមានអំពីហានិភ័យនៃសកម្មភាពភ្នំភ្លើងឡើងវិញ នៅក្នុងតំបន់ភាគខាងត្បូងនៃរដ្ឋធានី Reykjavik ខណៈដែលការសិក្សាបានបង្ហាញថា ម៉ាក់ម៉ា (សារធាតុរ៉ែរលាយ) បានកកកុញនៅក្រោមដី។
ការផ្ទុះភ្នំភ្លើងនេះបានបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់ប្រទេសដែលមានប្រជាជនជិត ៤០០,០០០នាក់មួយនេះ ខណៈដែលអ្នកវិទ្យាសាស្ត្របានព្រមានថា ការផ្ទុះឡើងវិញអាចបន្តកើតឡើងនៅឧបទ្វីប Reykjanes ជាច្រើនទសវត្សរ៍ ឬសូម្បីតែច្រើនសតវត្សរ៍ទៅមុខទៀត។

ការផ្ទុះភ្នំភ្លើងនេះគឺជាលើកទីប្រាំបីហើយចាប់តាំងពីឆ្នាំ២០២១នៅលើឧបទ្វីប Reykjanes ដែលជាជម្រករបស់ប្រជាជនប្រហែល ៣០,០០០នាក់ បន្ទាប់ពីប្រព័ន្ធភូគព្ភសាស្ត្រដែលនៅស្ងៀមអស់រយៈពេល ៨០០ឆ្នាំបានសកម្មឡើងវិញ។
សកម្មភាពភ្នំភ្លើងបែបនេះបានបង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់
កម្តៅ បិទផ្លូវសំខាន់ៗ និងបំផ្លាញផ្ទះជាច្រើននៅក្នុងទីក្រុងនេសាទ Grindavik។ បច្ចុប្បន្ន មានប្រជាជនតិចតួចប៉ុណ្ណោះដែលបានវិលត្រឡប់មកទីក្រុងវិញ បន្ទាប់ពីការជម្លៀសចេញនៅចុងឆ្នាំ ២០២៣។
អាជ្ញាធរការពារជនស៊ីវិលអុីស្លង់ត្រូវបានដាក់ក្នុងការប្រុងប្រយ័ត្នខ្ពស់ ហើយបានបញ្ជាឱ្យជម្លៀសចេញពីទីក្រុង Grindavik ម្តងទៀត។ កន្លែងងូតទឹកកម្ដៅ Blue Lagoon ដ៏ល្បីដែលនៅក្បែរនោះត្រូវបានបិទ និងភ្ញៀវរបស់ខ្លួនត្រូវបានជម្លៀសចេញផងដែរ។
គួរបញ្ជាក់ថា ដើម្បីការពារការខូចខាតបន្ថែមទៀត អាជ្ញាធរបានសាងសង់របាំងដើម្បីបង្វែរលំហូរកម្អែភ្នំភ្លើងឱ្យឆ្ងាយពីហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងរោងចក្រថាមពលកម្ដៅ Svartsengi កន្លែងងូតទឹក Blue Lagoon និងទីក្រុង Grindavik៕ ដោយធីរីណា

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print