រដ្ឋមន្ត្រី ផ្តល់អនុសាសន៍អ្វីខ្លះដល់ក្រុមហ៊ុន Royal Railway Cambodia?

ចែករំលែក៖

ភ្នំពេញ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងធានាធ្វើឱ្យប្រសើរឡើងវិស័យផ្លូវដែកនៅកម្ពុជា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុន Royal Railway Cambodia(RRC)យកចិត្តទុកដាក់ខ្ពស់លើការធានាសុវត្ថិភាព និងផាសុកភាពរបស់បងប្អូនអ្នកដំណើរ នៅពេលដំណើរការដឹកអ្នកដំណើរដោយទូររថភ្លើងចំនួន១១គ្រឿងដែលទិញពីជប៉ុន។

ក្នុងជំនួបជាមួយលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុនRRC កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ នៅទៅស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការលើកកម្ពស់សុវត្ថិភាព នៃដំណើរប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន រាប់ទាំងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណជន ការបណ្តុះបណ្តាលអ្នកបើកបរ ការបំពាក់ផ្លាកសញ្ញា និងរបារសុវត្ថិភាព ជាពិសេសនៅត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងតំបន់ទីប្រជុំជនដែលមានចរាចរណ៍មមាញឹក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលអាចធ្វើបាន។
លោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុនRRC បានទទួលយកអនុសាសន៍ និងការណែនាំចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋមន្ត្រី និងប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនៃស្ថានភាពការធ្វើចរាចរណ៍លើផ្លូវដែក ព្រមទាំងបានធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅ និងស្ថានភាពបច្ចុប្បន្ន និងលក្ខណៈបច្ចេកទេសរបស់ទូរថភ្លើង។
គួរបញ្ជាក់ថា ក្រុមហ៊ុន Royal Railway Cambodia បានទិញរថភ្លើងប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១គ្រឿងពីប្រទេសជប៉ុន។ ការទិញរថភ្លើងប្រភេទDMUនេះ វាស្ថិតនៅក្នុងផែនការវិនិយោគរបស់ក្រុមហ៊ុនផ្ទាល់តែម្តង។
ក្រោយដឹកពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia(RRC)បានចុះពិនិត្យរួមគ្នា លើការងារកែតម្រូវកង់រថភ្លើងដឹកអ្នកដំណើរពីទទឹងផ្លូវដែក1067មម(ស្តង់ដារផ្លូវដែកជប៉ុន)មកទទឹងផ្លូវដែក1000មម(សម្រាប់ស្តង់ដារផ្លូវដែកកម្ពុជា)និងប្រព័ន្ធហ្រ្វាំងរថភ្លើង សម្រាប់ប្រើប្រាស់ដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព។
ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំក្រុមហ៊ុន(RRC)ថា «បន្ទាប់ពីកែតម្រូវរួច ត្រូវធ្វើការសាកល្បងរត់នៅលើផ្លូវដែក រហូតដល់ប្រាកថាមានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរមុននឹងដាក់ឱ្យដំណើរការជាផ្លូវការ»។
សួមជម្រាបថា RRC នឹងប្រកាសពីការដាក់ឱ្យដំណើរការទូររថភ្លើងទាំង១១គ្រឿងនាពេលឆាប់ៗខាងមុខនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print