ភ្នំពេញ៖ យោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មួយរយៈពេលកន្លងមកនេះ ក្រសួងមហាផ្ទៃបានសង្កេតឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមមួយ ចំនួនបានបង្ហោះផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការទិញ-លក់ឯកសណ្ឋាន ឯកសារសិក្សា និងសម្ភារៈហ្វឹកហាត់ របស់និស្សិត និងសិស្សនគរបាលដែលធ្វើឱ្យមានការយល់ច្រឡំពីសាធារណជនទូទៅ ជាពិសេសគឺប៉ះពាល់ ដល់កិត្តិយសរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីសាធារណជនបានជ្រាបច្បាស់នូវការពិត ក្រសួងមហាផ្ទៃ សូមបញ្ជាក់ និងបំភ្លឺជូនដូចខាងក្រោម៖ ១- និស្សិតនគរបាល និងសិស្សនគរបាលដែលបានប្រឡងជាប់ដោយចំណេះជំនាញនិងសមត្ថភាព មានកាតព្វកិច្ចត្រូវចូលសិក្សាហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា រយៈពេល៤ឆ្នាំ សម្រាប់ និស្សិតនគរបាល និងនៅតាមសាលានគរបាលជាតិភូមិភាគនានា រយៈពេល៤ខែ សម្រាប់សិស្ស នគរបាល មុននឹងចេញទៅបម្រើការងារនៅតាមបណ្តាអង្គភាពនគរបាលនានា។
២- ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលសិក្សា ក្រសួងមហាផ្ទៃបានលើកទឹកចិត្ត និងឧបត្ថម្ភអ្នកសិក្សា តាមរយៈការផ្តល់ជូនកន្លែងស្នាក់នៅ និងរបបអាហារប្រចាំថ្ងៃ។ តាម គោលការណ៍ច្បាប់ និស្សិត និងសិស្សនគរបាល ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនឹង ត្រូវតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា បំពាក់ឋានន្តរស័ក្តិ ផ្គត់ផ្គង់ឯកសណ្ឋាន នគរបាល និងរបបឧបត្ថម្ភផ្សេងៗតាមគោលការណ៍កំណត់។
៣- ដើម្បីលើកកម្ពស់តម្លៃនិស្សិត និងសិស្សនគរបាល លើកកម្ពស់គុណភាពសិក្សា និងឱ្យមានលក្ខណៈ ឯកភាពគ្នា ក្រសួងមហាផ្ទៃ បានចេញប្រកាសលេខ៦៤៥៧ ប្រ.ក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការបង្កើតឯកសណ្ឋាន និងសញ្ញាសម្គាល់សម្រាប់និស្សិត និងសិស្សនគរបាលជាតិ។ ហេតុនេះ និស្សិត និងសិស្សនគរបាល ត្រូវស្លៀកពាក់ឯកសណ្ឋានដូចៗគ្នា រួមមានឯកសណ្ឋានសិក្សា ឯកសណ្ឋានហ្វឹកហាត់ ព្រមទាំងសម្ភារៈគាំទ្រការហ្វឹកហាត់ផ្ទាល់ខ្លួន ស្របតាមបច្ចេកទេសនៃ ជំនាញនគរបាល ដោយសម្លៀកបំពាក់និងសម្ភារៈទាំងនេះ អ្នកសិក្សាត្រូវចូលរួមដោះស្រាយ ដោយខ្លួនឯង ស្របតាមគំរូដែលបានកំណត់។ ករណីនេះ នៅតាមបណ្តាប្រទេសមួយចំនួនក្នុង
ពេលបច្ចុប្បន្ន អ្នកសិក្សាត្រូវទទួលបន្ទុកដោះស្រាយដោយខ្លួនឯងដូចគ្នាផងដែរ។ ៤- ចំពោះឯកសារសិក្សា ជាទូទៅមិនថានៅកម្ពុជា ឬបណ្តាប្រទេសផ្សេងៗ អ្នកសិក្សាជាអ្នកទទួល បន្ទុកដោយខ្លួនឯង។
ជារួម រាជរដ្ឋាភិបាលក៏បានគិតគូរ ផ្គត់ផ្គង់ និងលើកទឹកចិត្តដល់និស្សិត និងសិស្សនគរបាលយ៉ាងសម ស្របផងដែរ។ លើសពីនេះ បន្ទាប់ពីនិស្សិត និងសិស្សនគរបាលបញ្ចប់ការសិក្សាដោយជោគជ័យ នឹងត្រូវបាន តាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា រាជរដ្ឋាភិបាលក៏នឹងបន្តផ្គត់ផ្គង់ប្រាក់បៀវត្សរ៍ របបឧបត្ថម្ភ និងអត្ថប្រយោជន៍នានាជាច្រើនទៀត។ អាស្រ័យហេតុនេះ សូមសាធារណជន ជ្រាបជាព័ត៌មាន៕ដោយ៖តារា