គណៈប្រតិភូក្រុមហ៊ុនចិន មកពីខេត្តក្វាងស៊ី ចង់វិនិយោគលើការបង្កើតសួនឧស្សាហកម្ម

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Guangxi Beibu Gulf Investment Group នៃខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាចុងខែឧសភានេះ។

 

ជាកិច្ចចាប់ផ្តើម លោកទីប្រឹក្សា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតជូនចំពោះ គណៈប្រតិភូក្រុមហ៊ុន Guangxi Beibu Gulf Investment Group ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបំពេញទស្សនកិច្ចដោយផ្ទាល់មកកាន់កម្ពុជា និងបានសម្តែងនូវការចាប់អារម្មណ៍ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ទន្ទឹមនេះ លោក ក៏បានឆ្លៀតគូសបញ្ជាក់ជូន គណៈប្រតិភូក្រុមហ៊ុន Guangxi Beibu Gulf Investment Group អំពីរបបនៃការលើកទឹកចិត្តប្រកបដោយភាពអំណោយផល និងអនុគ្រោះបំផុតរបស់រដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ចំពោះសកម្មភាពវិនិយោគ និងវិស័យដែលមានសក្តានុពលសំខាន់ៗ ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាការឆ្លើយតប គណៈប្រតិភូក្រុមហ៊ុន Guangxi Beibu Gulf Investment Group បានជំរាបជូនលោកទីប្រឹក្សាអំពីគោលបំណងដ៏សំខាន់នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតសួនឧស្សាហកម្ម ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទាញវិនិយោគក្នុងវិស័យដែលមានសក្តានុពលសំខាន់ៗ ក៏ដូចជាការធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន នាពេលអនាគត។ 

លោកទីប្រឹក្សាបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈប្រតិភូក្រុមហ៊ុន Guangxi Beibu Gulf Investment Group ចំពោះការជ្រើសរើសកម្ពុជាជាទិសដៅក្នុងការបំពេញទស្សនកិច្ចស្វែងរកឱកាសវិនិយោគ និងបានបង្ហាញនូវស្មារតីស្វាគមន៍ជានិច្ចសម្រាប់រាល់កិច្ចសហប្រតិបត្តិការនានា នាពេលខាងមុខ ព្រមទាំងបានជូនពរគណៈប្រតិភូឱ្យទទួលបានជោគជ័យជាផ្លែផ្កាក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា នាពេលនេះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print